(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើឲ្យថ្នាក់ដឹកនាំ នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាក្រុមការងារត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ពិចារណាក្នុងការផាកពិន័យ លើរថយន្តល្មើសច្បាប់ ដែលតទ្រុងខុសលក្ខណៈបច្ចេកទេស ពី៤០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀល តាមការកំណត់របស់ច្បាប់ បន្ថែមពីលើការកាត់ទ្រុងចោល។
ការថ្លែងរបស់លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
តាមលោកឧត្តមសេនីយ៍ ការអនុវត្តន៍ច្បាប់កាត់ទ្រុង បូកជាមួយការផាកពិន័យ នឹងជួយកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តន៍ប្រតិបត្តិការបង្ក្រាបរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស និងដឹកជញ្ជូនលើសទម្ងន់។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់យ៉ាងដូច្នេះថា «តាមរបាយការណ៍ឃើញថាការកាត់ទ្រុង មានរហូតដល់៧៩៧គ្រឿង ចំណុចនេះ ខ្ញុំគិតថាបើយើងអនុវត្តច្បាប់យើងពិន័យ។ យើងអត់អាចថា កាត់ចោលហើយឲ្យរួចខ្លួនតែម្តងទេ»។
លោកបានបន្តថា «ដូចជាការដោះរាន ការកាត់ចោលដោយខ្លូនឯង អត់មានបណ្ណបើកបរ១២៨នាក់ ដែល១២៨នាក់នេះ យើងឃើញថា គ្មានបណ្ណបើកបរយើងអនុវត្តន៍តាមអនុក្រឹត្យ លេខ៤៤ ក៏ដូចជាច្បាប់ចរាចរណ៍ យើងពិន័យ១០០ដុល្លារ ស្មើនឹង៤០ម៉ឺនរៀល ហើយយើងអត់មានការពិន័យ នៅក្នុងនេះអត់ឃើញមាន គ្រាន់តែដឹងថាកាត់ទ្រុងហើយទៅណាក៏ទៅ»។
ជាមួយគ្នានេះ ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍រូបនេះ បានបន្ថែមថា «ការអនុវត្តច្បាប់អត់អីចឹងទេ ការអនុវត្តន៍ច្បាប់អ្វីដែលខុស គឺត្រូវតែអនុវត្តន៍ យើងយកច្បាប់មកអនុវត្តន៍។ ហើយអ្វីដែលសំខាន់ មួយទៀតគ្មានស្លាកលេខ, គ្មានស្លាកលេខ ៦២គ្រឿង គ្មានផ្លាកលេខបើសិនជា យើងអនុវត្តន៍តាមផ្លូវច្បាប់មាត្រា៨២ច្បាប់ចរាចរណ៍ ក៏ដូចជាអនុក្រឹតលេខ៤៤ គឺផាក៤០ម៉ឺនរៀលដែរ ចំពោះអ្នកអត់ស្លាកលេខ ហើយនៅក្នុងហ្នឹង បើរថយន្តក្បាលបីផាកដល់៨០ម៉ឺនរៀល ហើយតួរលេខផាក នៅតែអត់មានដដែល»។
បើតាម លោក រុន រ័ត្នវាសនា បានឲ្យដឹងបន្តថា ការដែលចាប់រថយន្តខុសច្បាប់ ហើយដោះលែងវិញមិនមែន ជាការអនុវត្តច្បាប់ទេ តែជាការធ្វើឲ្យល្អមើល។
លោកថា ប៉ុន្មានថ្ងៃនេះ ក្នុងកំឡុងប្រតិបត្តិការចុះបង្ក្រាបចាប់រថយន្តខុសបច្ចេកទេស មន្ត្រីនគរបាលចោលលុយច្រើនណាស់ ពីការដែលចាប់រថយន្តមិនផាកពិន័យ តាមច្បាប់កំណត់នោះរហូតដល់រាប់ម៉ឺនដុល្លារ ហើយបើយកលុយនោះទៅបម្រើបេសកកម្មនេះ ក៏ប្រសើរជាងចាំថវិការដ្ឋទម្លាក់មកដែរ។
ចំពោះករណីនេះ លោក សេង ឈួន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសជាតិ បានទទួលយកនូវការលើកឡើងរបស់មេបូលិសចរាចរណ៍ ឆ្លងការសម្រេចរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាមុនសិន មុននឹងសម្រេចអនុវត្តន៍ការផាកពិន័យ ព្រមជាមួយកាត់ទ្រុងរថយន្ត៕