(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ស្នងការរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា លទ្ធផលនៃការជំរឿនអគ្គនាយកដ្ឋានអន្តោប្រវេសន្តបានរកឃើញថា ជនបរទេសអន្តោប្រវេសន្តសរុប៤៦,៧៧៦គ្រួសារ ស្មើនឹងចំនួនមនុស្ស១៧៦,៨១២នាក់ ក្នុងនោះស្រីចំនួន៧៩,៧២៨នាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។
បើតាមនាយឧត្តមសេនីយ៍ ក្នុងចំណោមជនបរទេសអន្តោប្រវេសន្តជាង១៧ម៉ឺនាក់ ក្នុងមានជនបរទេសអន្តោប្រវេសន្តចំនួន២០,២១៨គ្រួសារ ស្មើនឹងចំនួនមនុស្ស ៧៣,៣៩៧នាក់ ស្រី៣៥,៨៨៨នាក់ មាន០៥សញ្ជាតិ កំពុងកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលឯកសារទាំងនោះមាន០៧ប្រភេទឯកសារ។
ឯកសារទាំង០៧ប្រភេទនោះរួមមាន សៀវភៅស្នាក់នៅចំនួន១៨,៥៨០ក្បាល, សៀវភៅគ្រួសារចំនួន២,១៧៧ក្បាល, សំបុត្រកំណើតចំនួន១១,៣៣៦ច្បាប់, សំបុត្រអាពាហ៍ពិពាហ៍ចំនួន២៤១ច្បាប់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន៦,៧២២ប័ណ្ណ, លិខិតឆ្លងដែនកម្ពុជា ចំនួន៦៣២ក្បាល និងបណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុចំនួន៤១បណ្ណ៕