(ស្រះកែវ-ថៃ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន៤នាក់ និងរងរបួសចំនួន៤នាក់ ដែលក្នុងនោះក៏មានជនជាតិខ្មែរផងដែរ។
គ្រោះថ្នាក់នេះ ដែលបានបង្កដោយរថយន្ត៣គ្រឿង បានបុកគ្នាយ៉ាងពេញ នៅម៉ោង១រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខវិទ្យាល័យ បូរផា លើផ្លូវបំបែកសុវណ្ណនគរ លេខ៣៣ ក្នុងភូមិ៥ ឃុំហ៊ួយចូត ស្រុកវឌ្ឍនានគរ ខេត្តស្រះកែវ នៃប្រទេសថៃ។
នៅកន្លែងកើតហេតុគេសង្កេតឃើញថា មានរថយន្តរចំនួន៣គ្រឿង បានប៉ះទង្គិចគ្នាយ៉ាងខ្លាំង ដោយរថយន្តទី១ ម៉ាកតូយ៉ូតា ពាក់ស្លាកលេខ បាងកក ២៣៣ មានសភាព ខ្ទេចក្បាលរថយន្តទាំងស្រុង ឯរថយន្តទី២ ប្រភេទតូយ៉ូតា ពាក់ស្លាកលេខ ស្រះកែវ ៨៨៩១ ដោយបានក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលទៅក្នុងប្រឡាយ ក្បែផ្លូវ ព្រមទាំងមានមនុស្សស្លាប់ជាប់នៅក្នុងនោះចំនួន២នាក់ផងដែរ ចំណែករថយន្តទី៣ ម៉ាកតូយ៉ូតា ពាក់ស្លាកលេខ ស្រះកែវ ៧៣៣៣ ក៏មានសភាពខ្ទេចដូចគ្នា ដោយបានជ្រុលទៅមុខប្រមាណ៦៥ម៉ែត្រ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា អ្នកស្លាប់ដែលជាប់ក្នុងរថយន្តគឺមានឈ្មោះ អាំផាផាន់ ឈឿវង់ ភេទស្រី ជាជនជាតិថៃ និងឈ្មោះ មង់ សំ ភេទស្រី អាយុ៥៩ឆ្នាំ ជាជនជាតិខ្មែរ ឯអ្នកដែលរងរបួសធ្ងន់ចំនួន៥នាក់ ដែលបានបញ្ជូនទៅកាន់មន្ទីរពេទ្យនោះ ដោយអកុសលបានស្លាប់ម្នាក់ទៀតនៅឯមន្ទីរពេទ្យ។
ចំណែកមូលហេតុ យើងនៅមិនទាន់ទទួលបានពីសមត្ថកិច្ចថៃនៅឡើយទេ ដោយគ្រាន់តែដឹងថាបច្ចុប្បន្នសពត្រូវបានស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ រៀបចំឯកសារដើម្បីបញ្ជូនត្រឡប់មកកម្ពុជាវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ៕