Account Facebook របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង ត្រូវបានក្រុមសង្គមងងឹត Hack យកគ្រប់គ្រងនៅថ្ងៃនេះ
27-02-2018 14:49
(ស្វាយរៀង)៖ Account Facebook របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង ត្រូវបានក្រុមសង្គមងងឹត Hack យកគ្រប់គ្រងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះបើយោងតាមលោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរងអាវុធហត្ថខេត្តស្វាយរៀង បានប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះ។
លោកឧត្តមសេនីយ៍ត្រី នុត នន្ទ បានបញ្ជាក់ថា «បើមានការបង្ហោះផ្សាយព័ត៌មាន ឬខ្លឹមសារណាមួយនៅលើ Account Facebook របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀងនោះ យើងមិនទទួលខុសត្រូវនោះទេ ហើយក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបជាព័ត៌មាន»។
សូមបញ្ជាក់ថា កាលពីព្រឹកមិញនេះ Facebook Page និង Facebook Page BAYON Television របស់ស្ថានីយទូរទស្សន៍ BTV ត្រូវបានក្រុមសង្គមងងឹត Hack យកគ្រប់គ្រងផងដែរ ខណៈនេះក្រុមការងារបច្ចេកទេសបាន និងកំពុងធ្វើការជុសជុល និងទាញយកមកគ្រប់គ្រងវិញ៕