(កូរ៉េ)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង បានដឹកនាំក្រុមការងារស្ថានទូត សហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តទីក្រុងសេអ៊ូល និងសមាគមខ្មែរទីក្រុងគីមហេ រៀបចំកម្មវិធីពិនិត្យសុខភាព ព្យាបាលទូទៅ ពិនិត្យបេះដូង និងថត X-Ray ជូនបងប្អូនប្រជាពលរដ្ឋខ្មែរបានចំនួន១៤០នាក់ និងបន្ដសុពលភាពលិខិតឆ្លងដែនបានចំនួន១៧២ច្បាប់ ដោយឥតគិតថ្លៃ ដោយកុំឲ្យលំបាកធ្វើដំណើរផ្លូវឆ្ងាយ ចំណាយថ្លៃធ្វើដំណើរច្រើនមកបន្ដស្នើសុំសេវានៅស្ថានទូត។

បេសកម្មនេះនេះមានរយៈពេល២ថ្ងៃទី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយបេសកម្មនេះ ដើម្បីកាត់បន្ថយការចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋ ព្រមទាំងការអនុវត្តយន្ដការ បង្ខិតការផ្ដល់សេវាឲ្យកៀកជិតមូលដ្ឋាន ក៏ដូចជា ការលើកកម្ពស់សុខមាលភាព ឆ្លើយតបនឹងសំណូមពរ ការពារទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃ របស់ប្រជាពលរដ្ឋខ្មែរយើង។

ឆ្លៀតឱកាសនោះលោក ឡុង ឌីម៉ង់ បានដឹកនាំក្រុមការងារបន្ដជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយបណ្ដាញស្រ្តីខ្មែរ មានស្វាមីកូរ៉េ និងពលករនៅទីក្រុងសាសាងប្រមាណ១០០នាក់ ដោយសប្បាយរីករាយ និងស្និតស្នាលឥតឧបមា។

មុនពេលត្រឡប់មកសេអ៊ូលវិញ ក្រុមការងារស្ថានទូត បានបន្ដសហការជាមួយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ (HRD KOREA) ប្រចាំទីក្រុងប៊ូសាន ដើម្បីចុះជួបផ្ទាល់សួរសុខទុក្ខ ពិនិត្យស្ថានភាពការងាររបស់ពលករខ្មែរ ផ្នែកឧស្សាហកម្មនៅនឹងរោងចក្រផលិតកេសក្រដាស នាទីក្រុងគីមហេផងដែរ៕