(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដាក់ឲ្យសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលថ្មីមួយ ដើម្បីបង្រៀនភាសាអង់គ្លេស ដោយឥតគិតថ្លៃ។
មជ្ឈមណ្ឌលថ្មីនេះមាន កម្មវិធីនានាមួយចំនួន ដូចជា ក្លិបរៀនភាសាអង់គ្លេស ក្លិបភាពយន្ត ក្លិបអានសៀវភៅ និងកម្មវិធីវាគ្មិន ស្តីពីប្រធានបទនានា។
ពិធីសម្ពោធមជ្ឈមណ្ឌលអាមេរិក នៅស្ថានទូតអាមេរិកភ្នំពេញខាងលើនេះ ដោយមានការអញ្ជើញចូលរួម កាត់ខ្សែបូរសម្ពោធពី លោកឯកអគ្គរដ្ឋសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា William Heidt។
មជ្ឈមណ្ឌលនេះ បើកដំណើរការចាប់ពីថ្ងៃច័ន្ទ-សុក្រ នៅពេលព្រឹកពីម៉ោង០៨៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងនៅពេលរសៀល ពីម៉ោង ០១៖៣០នាទីដល់ម៉ោង០៤៖៣០នាទី។
មជ្ឈមណ្ឌលក៏មានផ្តល់ផងដែរ នូវសេវាណែនាំស្តីពីការសិក្សា នៅក្នុងសហរដ្ឋអាមេរិក ដែលផ្តល់ព័ត៌មានដោយឥតគិតថ្លៃ ស្តីពីស្ថាប័នសិក្សាអប់រំ នៅក្នុងសហរដ្ឋអាមេរិក និងការណែនាំសំរាប់អ្នក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្តីពី វិធីល្អៗ ក្នុងការចាប់យកឱកាសទាំងនោះ។
មជ្ឈមណ្ឌលអាមេរិកថ្មីនេះ មានសៀវភៅ ចំនួន១៥០០ក្បាល ទស្សនាវដ្តី សៀវភៅ ដែលមានជាសំលេង និងភាពយន្តឯកសារ ស្តីពី ប្រធានបទនានា និងមូលដ្ឋានទិន្នន័យ សំរាប់ការស្រាវជ្រាវរបស់សិស្សនិស្សិត និងសាធារណជនទូទៅ។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក Arend Zwartjes ប្រធានផ្នែកកិច្ចការសាធារណៈ នៅស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា «មជ្ឈមណ្ឌលនេះ គឺជាផ្នែកមួយ នៃបណ្ដាញទីតាំងចំនួនជាង៧០០ របស់អាមេរិក នៅទូទាំងពិភពលោក របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក»។
លោក Arend Zwartjes បន្ដថា នៅក្នុងបណ្ដាញនេះ មានបណ្ណាល័យរបស់ស្ថានទូតអាមេរិកចំនួន៤ នៅខេត្តកំពង់ចាម បាត់ដំបង សៀមរាប និងនៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រ ក្នុងរាធានីភ្នំពេញ។ កន្លែងនេះ ផ្ដល់ជូនសាធារណជន នូវការប្រើប្រាស់សៀវភៅអង់គ្លេស ទស្សនាវដ្ដី និង DVD ដែលគេអាចខ្ចីយកទៅមើល។ ក្រៅពីនេះទៀត កន្លែងទាំងអស់មាន កម្មវិធីភាសាអង់គ្លេស និងកម្មវិធីវប្បធម៌អាមេរិក។
ប្រធានផ្នែកកិច្ចការសាធារណៈរូបនេះ បានបន្ថែមទៀតថា «ខ្ញុំមានសេចក្ដីរីករាយ សូមប្រកាសផងដែរនូវពិព័រណ៍ EducationUSA ចំនួនពីរ នៅក្នុងពេលខ្លីខាងមុខនេះ គឺថ្ងៃទី១៣ ខែមីនា នៅខេត្តសៀមរាប និងនៅថ្ងៃទី១៥ មីនា នៅភ្នំពេញ។ នេះគឺជាឆ្នាំដំបូងហើយ ដែលពិព័រណ៍ EducationUSA ត្រូវបានធ្វើនៅខេត្តសៀមរាប»។
លោកថា ព្រឹត្ដិការណ៍ទាំងពីរនេះ មានបំណង់ផ្ដល់ឲ្យសិស្ស និស្សិតកម្ពុជានូវឱកាសបានជួបជាមួយ នឹងតំណាងនៃមហាវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក នឹងមានមហាវិទ្យាល័យចំនួន ជាង២០ ដែលមានតំណាងចូលរួមក្នុងពិព័រណ៍នេះ។ សិស្ស និស្សិតថែមទាំងបានដឹងព័ត៌មានច្រើនថែមទៀត ស្ដីពី អាហារូបករណ៍សម្រាប់សិក្សា នៅក្នុងសហរដ្ឋអាមេរិក និងព័ត៌មាន ស្ដីពីការដាក់ពាក្យសុំទិដ្ឋាការសិស្ស។ ពិព័រណ៍ទាំងពីរនេះ បើកឲ្យសាធារណជនចូលមើលដោយឥតគិតថ្លៃ។
លោក Arend Zwartjes បញ្ជាក់ថា នៅពេលនេះ មានសិស្ស និស្សិតកម្ពុជាចំនួនជាង៥០០នាក់ កំពុងសិក្សានៅក្នុងសហរដ្ឋអាមេរិក ដែលមានកំណើន ៥៣% នៅក្នុងរយៈពេល៥ឆ្នាំ មកនេះ។ យើងដឹងថា មានសិស្សកាន់តែច្រើនឡើង ចាប់អារម្មណ៍ចង់សិក្សានៅក្នុងសហរដ្ឋអាមេរិក។
លោកបន្ដថា ដូច្នេះ ធនធានព័ត៌មានទាំងនេះ ដែលមានទីប្រឹក្សា EducationUSA ថ្មី ពីពិព័ណ EducationUSA និងសៀវភៅនៅក្នុងមជ្ឈមណ្ឌលនេះ នឹងជួយសិស្ស និស្សិតទាំងអស់ ដែលមានសេចក្ដីប៉ងប្រាថា្ន៕