(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមកាងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន៤៥,៦១៣គ្រឿង ក្នុងនោះបានកាត់ទ្រុងចំនួន៧៩៧គ្រឿង។

របាយការណ៍បានឲ្យដឹងថា ក្រៅពីនេះក្រុមការងារបានដោះរានតខាងក្រោយរថយន្តចំនួន៣៣៩គ្រឿង រក្សាទុកនៅតាមគោលដៅមួយៗ នឹងត្រៀមកាត់នៅពេលឆាប់ៗ១៧គ្រឿង គ្មានបណ្ណបើកបរ១២៨គ្រឿង រថយន្តគ្មានផ្លាកលេខ ៦២គ្រឿង និងពាក់ស្លាកលេខក្លែងក្លាយ០៣គ្រឿង ណែនាំរថយន្តដឹកសំពីងសំពោង ៦២៨គ្រឿង ខ្វះឯកសារ៣៦២គ្រឿង និងរថយន្តត្រួតពិនិត្យឃើញថា ត្រឹមត្រូវ៤៣,២៧៧គ្រឿង។

សូមជម្រាបថា បន្ទាប់ពីឃើញហានិភ័យ នៃគ្រោះថ្នាក់ចរាចរលើដងវិថី និងការបំផ្លាញផ្លូវមកពីការដឹកលើសទម្ងន់ របស់រថយន្តតទ្រុង ខុសលក្ខណៈបច្ចេកទេសនោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ បានដាក់ចេញនូវបទបញ្ជាជាថ្មី ឲ្យចាត់វិធានការដ៏តឹងរឹងបំផុត ចំពោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស។

ក្រោយបទបញ្ជានេះ មន្ត្រីគ្រប់លំដាប់ថ្នាក់នៅតាមរាជធានី-ខេត្ត បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ចាប់កាត់រថយន្តតទ្រុងខុសបច្ចេកទេស ហើយក៏មានម្ចាស់រថយន្តខ្លះ បានយករថយន្តទៅកាន់ទ្រុងដោយខ្លួនឯងផងដែរ៕