(ភ្នំពេញ)៖ ថ្លែងក្នុងពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន ស្តីពីការផ្តល់បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិដល់មជ្ឈមណ្ឌលសកម្មភាពតំបន់អាស៊ាន លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កម្ពុជាបានត្រៀមរួចរាល់ ក្នុងការបន្តជួយមជ្ឈមណ្ឌលសកម្មភាពមីន តំបន់អាស៊ាន។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា «ចាប់តាំងពីយើងបានប្រារព្ធពីធីបើកសម្ពោធទីស្នាក់ការ នៃមជ្ឈមណ្ឌលសកម្មភាពមីន តំបន់អាស៊ាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦មក ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយទៀត សម្រាប់មជ្ឈមណ្ឌលសកម្មភាពមីន តំបន់អាស៊ាន ដែលឯកអគ្គរដ្ឋទូត មីឃែល តាន និងរូបខ្ញុំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការរឿបចំ និងការផ្តល់បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិដល់មជ្ឈមណ្ឌលសកម្មភាពមីន តំបន់អាស៊ាន»។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា កម្ពុជាជាប្រទេសចាត់ទុកចូលក្នុងចំណោមប្រទេសល្អបំផុត ចំពោះប្រតិបត្តិការ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងសកម្មភាពកំចាត់មីន និងអាវុធមិនទាន់ផ្ទុះនៃសង្គ្រាម។ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ កម្ពុជា បានបញ្ជូន កងកម្លាំងរក្សាសន្តិភាព ច្រើនជាង៤០០០នាក់ ចាប់តាំងពីឆ្នាំ២០០៦ ដើម្បីចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេស ក្នុងវិស័យមនុស្សធម៌ ក្នុងការបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ។
លោកទេសរដ្ឋមន្ត្រី បានបន្តយ៉ាងដូច្នេះថា «ក្នុងជំហានទៅមុខ កម្ពុជាបានត្រៀមរួចរាល់ក្នុងការបន្តជួយមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន ហើយខ្ញុំមានជំនឿជាក់យ៉ាងមុតមាំថា សមាជិកនៃប្រទេសអាស៊ានទាំងអស់ក៏មានជំហរដូចគ្នាដែរ»។ ធ្វើដូច្នេះ មជ្ឈមណ្ឌលសកម្មភាពមីន តំបន់អាស៊ាន អាចអនុវត្តអាណត្តិរបស់ខ្លួន ពេញលេញនៅក្នុងកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាគ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាមផ្សព្វផ្សាយចំណេះដឹង អំពីគ្រោះថ្នាក់ គ្រាប់មិនទាន់ផ្ទុះ និងកាកសំណល់មិនទាន់ផ្ទុះសល់ពីសង្គ្រាមនៅក្នុងតំបន់ ដែលប្រជាជនរបស់យើងអាចទទូលបានផលប្រយោជន៍ និងរស់នៅក្នុងសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ លោកសង្ឃឹមថា មជ្ឈមណ្ឌលសកម្មភាពមីន តំបន់អាស៊ាន នឹងដើរតួនាទីកាន់តែសំខាន់ ថែមទៀត ក្នុងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ និងនិយ័តក្នុងប្រទេសកម្ពុជា និងប្រតិបត្តិករបោសសំអាតមីន ផ្សេងទៀត ព្រមទាំងជាមួយស្ថាប័នតំបន់ និងអន្តរជាតិ រួមមានសេវាសកម្មភាពមីន របស់អង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលបោសសំអាតមីន អន្តរជាតិទីក្រុងហ្សឺណែវ ក្នុងការត្រៀមធនធាន និងការអនុវត្តសកម្មភាពក្នុងការជួយសង្គ្រោះជីវិត ប្រជាជននៅក្នុងតំបន់របស់យើង និងប្រទេសផ្សងៗទៀត៕