(ភ្នំពេញ)៖ មន្រ្តីនៃសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មាការផ្សារ និងមន្រ្តីនាយកដ្ឋានមន្ទីរពិសោធន៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បាននាំយករថយន្តពិសោធន៍ចល័ត ចុះទៅធ្វើការត្រួតពិនិត្យទំនិញ នៅក្នុងផ្សារចំនួន៥ ក្នុងខណ្ឌច្បារអំពៅរួមមាន៖ ផ្សារច្បារអំពៅ ផ្សារត្រីច្បារអំពៅ ផ្សារព្រែកឯង ផ្សារចំពុះក្អែក និងផ្សារព្រែកប្រា ដោយបាននាំយកនឹងធ្វើការពិសោធន៍លើផលិតផលចំនួន១០៩គំរូ ទៅពិសោធន៍តែរកមិនឃើញសារជាតីគីមីឡើយ។
ទំនិញទាំងនោះរួមមាន៖ បន្លែស្រស់ ស្លឹកគូឆាយ ស្ពៃតឿ ម្ទេសប្លោក សណ្ដែកបណ្ដុះ ស្លឹកគ្រៃហាន់ ខ្ញីហាន់ លត សរសៃគុយទាវ នំបញ្ចុក ស្ពៃជ្រក់ ការ៉ុត ផ្សិតចំបើង ពោតបារាំង ត្រពាំងជ្រក់ គ្រឿងសមុទ្រស្រស់ ប្រហិត និងផ្លែឈើ។ល។ និងផលិតផលម្ហូបអាហារ ដែលវេចខ្ចប់ស្រាប់ ជាច្រើនប្រភេទ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ជាលទ្ធផលរកពុំឃើញនូវផលិតផល ដែលមិនសមស្របតាមបទបញ្ញត្តិបច្ចេកទេសឡើយ។ មន្រ្តីកាំកុងត្រូល បានបញ្ជាក់ជូនផងដែរ អំពីសកម្មនៃកិច្ចការត្រួតពិនិត្យនេះ គឺបានធ្វើ ឡើងនៅគ្រប់បណ្តាសាខារាជធានីខេត្តទាំងអស់ ទាំងនៅមាត់ច្រកព្រំដែនទាំងនៅលើទីផ្សារ ដោយហេតុថា ផលិតផលតាំងលក់នៅលើទីផ្សារមានទាំងផលិតផល ដែលផលិតក្នុងស្រុក នឹងផលិតផលនាំចូល ហើយការត្រួតពិនិត្យនេះ គឺដើម្បីស្វែងរកផលិតផលដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដាក់លាយសារធាតុ គីមីហាមឃាត់...។ល។
ដើម្បីធ្វើការរឹបអូស និងកម្ទេចចោល ជាពិសេសអាចនឹងមានវិធានការផ្លូវច្បាប់ ប្រសិនបើអ្នកប្រព្រឹត្តមិនរាងចាល នឹងមានកម្រិតបទល្មើសធ្ងន់ធ្ងរ អាចកសាងសំណុំរឿងទៅតុលាការផងដែរ។
លោក ប៊ុន ចំរើន ក៏បានបញ្ជាក់ផងដែរថា ផលិតផលជាច្រើន ដែលបាននាំចូល គឺបានពិនិត្យអនុលោមភាព នឹងមានកាលបរិច្ឆេទប្រើប្រាស់យ៉ាងតិចក៏៩០ភាគរយ នៃអាយុកាល ទើបអនុញ្ញាតឲ្យធ្វើការនាំចូល ប៉ុន្តែផលិតផល ដែលយើងតែងរឹបអូស ជាច្រើនកន្លងមកនេះ មានទាំងផលិតផលក្នុងស្រុក នឹងនាំចូល ដែលចរាចរ នៅលើ ទីផ្សារហើយលក់មិនអស់ សល់យូរ បណ្តាលអោយខូចគុណភាព នឹងហួសកាល បរិច្ឆេទប្រើប្រាស់ ឬមិនអនុលោមតាមបទបញ្ញត្តិបច្ចេកទេសជាដើម..។ ល។
បើទោះបីជាលទ្ធផល នៃការពិសោធន៍ល្អក៏ដោយ មន្រ្តីកាំកុងត្រូលក៏នៅតែ ទទូចស្នើ សុំទៅដល់ផលិតករ អាជីករ អ្នកនាំចូលដែលខិលខូចមិនគោរពច្បាប់ សូមកុំគិតតែ អំពីផលចំណេញខ្លាំងពេក សូមប្រកបរបរដែលមានសុចរិតភាព នឹងមានគុណធម៌ សីលធម៌ក្នុងខ្លួនផង ព្រោះថាអំពើដែលពួកគាត់បានបង្ក នឹងជះផលត្រឡប់ទៅលើ ពួកគាត់ឬសាច់ញាត់របស់គាត់វិញនៅថ្ងៃណាមួយ ជាក់ជាមិនខាន នៅពេលដែល ពួកគេបរិភោគ ឬប្រើប្រាស់នៅកន្លែងផ្សេង ដែលបានទិញពីអ្នកផលិត ឬលក់ខ្លួនឯង នោះ ហើយសមត្ថកិច្ចយើងនៅតែតាមរំខាន ជានិច្ចមិនអោយអ្នកទាំងនោះ ប្រព្រឹត្តអំពើគ្មានគុណធម៌ នឹងខុសច្បាប់ឡើយ។ ការពារសុខុមាលភាពប្រជាពលរដ្ឋ គឺជាភារកិច្ចចម្បងរបស់មន្ត្រីកាំកុងត្រូលយើង" ប្រជាពលរដ្ឋមានសុខភាពល្អ នឹងនាំ អោយកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ សង្គម ក៏ដូចជាបង្កឱកាសសម្រាប់ភាពសុខុដុម ក្នុងជីវិត៕