(ភ្នំពេញ)៖ ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ មានជនខិលខូចមួយចំនួនបានអះអាងថា ខ្លួនជាបុគ្គលិករបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬយកឈ្មោះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទៅប្រើប្រាស់ដើម្បីឆបោក ប្រាក់ពីអតិថិជន និងសាធារណជនមួយចំនួនតាមរយៈទូរស័ព្ទ ឬតាមរយៈមធ្យោបាយផ្សេងៗទៀត ដោយតម្រូវឲ្យអតិថិជន ឬសាធារណជននោះផ្ទេរប្រាក់មួយចំនួនជាមុនសិន ដើម្បីចំណាយរត់ការ ជាថ្នូរនឹងការទទួលបានរង្វាន់ជាទឹកប្រាក់ពី ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ 

ឆ្លើយតបនឹងករណីនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានធ្វើការអះអាង ជូនសាធារណជនថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ពុំមានកម្មវិធីចាប់ឆ្នោតផ្សងសំណាង ឬផ្តល់រង្វាន់ជាទឹកប្រាក់ណាមួយជូនអតិថិជន និងសាធារណជនឡើយ ។

ករណីមានចម្ងល់ និងដើម្បីចៀសវាងទទួលរងនូវការឆបោកពីសំណាក់ ជនខិលខូចទាំងនោះ សាធារណជនអាចទំនាក់ទំនងដោយផ្ទាល់មកការិយាល័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនៅជិតបំផុត ឬទូរស័ព្ទមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង) របស់ធនាគារដែលមានលេខ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣៕