Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: តុលាការចេញសេចក្តីសម្រេចរឹបអូសយក ដី និងស្នាក់ការ អតីតគណបក្សសង្រ្គោះជាតិ ដែលជាទ្រព្យសម្បត្តិ លោក សម រង្ស៊ី ក្នុងសំណុំរឿងបរិហាកេរ្តិ៍

27-02-2018 12:39

(ភ្នំពេញ)៖ ចៅក្រមតុលាការក្រុងភ្នំពេញ លោក រស់ ពិសិដ្ឋ បានចេញសេចក្តីសម្រេចមួយ រឹបអូសយកយកដី និងទីស្នាក់ការ អតីតគណបក្សសង្រ្គោះជាតិ ដែលជាកម្មសិទ្ធិរបស់ លោក សម រង្ស៊ី នៅក្នុងសំណុំរឿងដែលប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន និង សម្តេច ហេង សំរិន។ នេះបើតាមដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

ដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នរបស់តុលាការ បានកំណត់យ៉ាងដូច្នេះថា៖

១៖ រឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិរបស់កូនបំណុលឈ្មោះ សម រង្ស៊ី ជាអចលនវត្ថុ (ដី និងអគារ) ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ អចលនវត្ថុលេខ ភព ០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រង់ចាំតុលាការសម្រេចដល់សំណុំរឿងអង្គសេចក្តីចប់ជាស្ថាពរ។

ទី២៖ ដើម្បីទទួលបាននូវការលុបចោលការអនុវត្តការរឹបអូសជាបណ្តុះអាសន្ននេះ កូនបំណុលឈ្មោះ សម រង្ស៊ី ត្រូវផ្ញើរប្រាក់តម្កល់ នៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន៤,២៤០,០០០,០០០ (បួនពាន់ពីររយហាសិបលានរៀល) ជាប្រាក់រំដោះ។

ទី៣៖ ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់កូនបំណុល។

សូមបញ្ជាក់ថា លោក សម រង្ស៊ី ត្រូវបានតុលាការកំពូលសាលដីកា​ សម្រេចឲ្យសងសំណងជំងឺចិត្តដល់ សម្តេចពញ្ញាចក្រី ហេង សំរិន ដែលជាដើមបណ្តឹង ចំនួន 250.000.000 រៀល(ពីររយហាសិបលានរៀល) ពាក់ព័ន្ធនឹងករណីដែលលោកបង្ហោះបរិហារកេរ្តិ៍នៅលើបណ្តាញសង្គម Facebook របស់លោកដោយ ចោទប្រកាន់ សម្តេច ហេង សំរិន ថាជាអ្នកកាត់ទោស សម្តេច សីហនុ កាលដឹកនាំប្រទេស។

ជាមួយគ្នានេះ លោក សម រង្ស៊ី អតីតប្រធាននៃអតីគណបក្សសង្រ្គោះជាតិ ក៏ត្រូវបានតុលាការបង្គាប់ឲ្យសងជំងឺចិត្តសម្តេចតេជោ ហ៊ុន សែន ចំនួន៤ពាន់លានរៀល ស្មើប្រមាណ១លានដុល្លារ និងពិន័យចូលរដ្ឋប្រមាណ ១០លានរៀល ចំពោះបទបរិហារកេរ្តិ៍ជាសាធារណៈ។ ក្រៅពីនោះ លោកក៏មានសំណុំរឿងព្រហ្មទណ្ឌលជាច្រើនទៀត កំពុងស្ថិតនៅក្នុងកណ្តាប់ដៃតុលាការ៕