(កណ្តាល)៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានកំព្យូទ័រចំនួន៣០គ្រឿង ម៉ាស៊ីន Printer ៥គ្រឿង ម៉ាស៊ីន Copy ១គ្រឿងមកប្រគល់ជូន វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍អណ្តែត(ដើមឬស) ស្ថិតនៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នៅក្នុងឱកាសនោះលោកបានលើកឡើងពីការខិតខំតស៊ូពុះពារគ្រប់ឧបសគ្គរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនរបស់គណបក្សប្រជាជន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេស នយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ។
លោក ណុប រ័ត្ននិមល ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមថែរក្សាសន្តិភាព ទាំងអស់គ្នា និងប្រឆាំងដាច់ខាតរាល់ជនទាំងឡាយណា មានបំណងផ្តួលរំលំរាជរដ្ឋាភិបាល និងចង់ធ្វើបដិវត្តន៍ពណ៌នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះផងលោក បានផ្កោលទោសយ៉ាងខ្លាំង ចំពោះជនវង្វេងជាតិសាសន៍មួយចំនួន នៅក្រៅប្រទេស ដុតរូបថត សម្តេចតេជោ ដែលធ្វើឲ្យបរទេសមើលងាយ និងធ្វើឲ្យជាតិសាសន៍អាប់អោន។
ចុងក្រោយលោក បានផ្តាំផ្ញើ ដល់ប្អូនៗសិស្សានុសិ្ស ទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ទៅថ្ងៃអនាគត ព្រមទាំងបានផ្តាំផ្ញើ លោកគ្រូ អ្នកគ្រូ ជួយថែរក្សា កុំព្យូទ័រ ព្រីនធ័រ និងសម្ភារមួយចំនួនទៀតឲ្យបានល្អ ដើម្បីទុកប្រើប្រាស់បានយូរអង្វែង។
ក្នុងពិធីប្រគល់នោះដែរលោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាថវិការចែកជូន លោកគ្រូ អ្នក គ្រូ មន្ត្រី ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរមូលដ្ឋានសរុបជាង១០លានរៀលផងដែរ៕