(កំពង់ធំ)៖ ស្រាបៀរ ចាហួយដូង មីម៉ាម៉ាកំប៉ុង ប័រ និងកម្ទេចមីខូចគុណភាព ដែលក្រុមអាជីវករយកដាក់លក់នៅផ្សារស្រយ៉ូវ ធ្វើឲ្យប៉ះពាល់សុខភាពនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញ និងប្រមូលយកទៅដុតកម្ទេចចោល។
ការរកឃើញទំនិញខូចគុណភាពនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ពេលមន្រ្តីសាខាកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយអំពី គុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារស្រយូវ ស្ថិតនៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យក្រុមការងារបានរកឃើញផលិតផលជាច្រើន ដែលខូចគុណភាពដូចជា៖ ស្រាបៀរមួយចំនួន ទឹកក្រូច១កេស មីម៉ាម៉ាកំប៉ុងចំនួន៣កំប៉ុង ផលិតនៅប្រទេសកម្ពុជា ចាហួយដូង ម៉ាក Thanh Binh ចំនួន២កេស ផលិតនៅប្រទេសវៀតណាម កម្ទេចមីម៉ាក Rocket ប័រ ម៉ាក Margaring ចំនួន៤ប្រអប់ ផលិតនៅប្រទេសវៀតណាម ប័រម៉ាក Best food ចំនួន៣ប្រអប់ ផលិតនៅប្រទេសវៀតណាម។
ក្រុមការងារបានធ្វើ កំណត់ហេតុ និងដកហូតយកទំនិញខូចគុណភាពទាំងនោះ យកទៅទុកដុតកម្ទេចចោល។
ជាមួយគ្នានោះ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទប្រើប្រាស់និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ ចូលក្នុងម្ហូបអាហារ។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយនឹងគាំទ្រចំពោះសកម្មភាព របស់មន្ត្រីកាំកុងត្រូល ដែលតែង តែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារនឹងហាង រកឃើញសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕