(ភ្នំពេញ)៖ ដោយមើលឃើញពីភាពខ្វះចន្លោះមួយចំនួន ក្នុងវិស័យទេសចរណ៍ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជំរុញឲ្យក្រសួងទេសចរណ៍ គប្បីបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធ នឹងប្រវត្តិសាស្ត្រឲ្យបានច្បាស់លាស់ ដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងនិយាយឲ្យបានត្រឹមត្រូវទៅកាន់ទេសចរ ពីព្រោះពួកគេមួយចំនួន មិនទាន់យល់ដឹងពីប្រវត្តិសាស្ត្រនៅឡើយទេ។

ឧបនាយករដ្ឋមន្ត្រីជំរុញណែនាំយ៉ាងដូច្នេះ ក្នុងឱកាសបើកសន្និបាតបូកសរុបការងារទេសចរណ៍ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា» និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សារបស់អង្គសន្និបាត ឈរលើទស្សនទាន «កម្ពុជា ជាគោលដៅទេសចរណ៍ស្អាត និងបៃតង ប្រកបដោយភាពទាក់ទាញ និងគុណភាពខ្ពស់» ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានផ្ដល់នូវអនុសាសន៍មួយចំនួន រួមមាន៖

ទី១៖ ក្រសួងទេសចរណ៍ គួរមានវិធានការពង្រឹងការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ពិសេសចាប់យកកាល្លានុវត្តភាពនៃទីផ្សារសំខាន់ និងអាទិភាព ជាអាទិ៍ទីផ្សារចិន និងឥណ្ឌា។ ក្រសួងទេសចរណ៍ គួរមានវិធានការអនុវត្តឱ្យបានប្រសិទ្ធភាព នៃកម្មវិធីនយោបាយទេសចរណ៍ស្តីពី «China Ready» ខណៈដែលកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានចាត់ជាកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ទី២៖ ឈរលើសក្តានុពលនៃធនធានធម្មជាតិ និងវប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា ក្រសួងទេសចរណ៍ គួរមានវិធានការបែបណា ដើម្បីពង្រឹងប្រសិទ្ធភាពយុទ្ធសាស្ដ្រពិពិធកម្មទេសចរណ៍ ក៏ដូចជាអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពទាក់ទាញ ច្នៃប្រឌិត និងផ្តល់នូវបទពិសោធន៍ប្រកបដោយការចងចាំដល់ភ្ញៀវទេសចរ។

ទី៣៖ ក្រសួងទេសចរណ៍គួរមានវិធានការ និងគោលនយោបាយគាំទ្រ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ស្របតាមទស្សន «សេវាមួយ ស្តង់ដារមួយ» ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» តើធ្វើយ៉ាងណាឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ពិសេសចលនាប្រឡងប្រណាំងនេះឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀត ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ៦.១លាននាក់ នៅឆ្នាំ២០១៨, ៧លាននាក់ នៅឆ្នាំ២០២០ និង ១៥លាននាក់ នៅឆ្នាំ២០៣០។

ទី៤៖ ក្រសួងទេសចរណ៍ គួរមានវិធានការក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ ឱ្យសមស្របតាមស្មារតីនៃបម្លាស់ទីនៃអ្នកជំនាញទេសចរណ៍ (MRA) និងទស្សនទាន «បុគ្គលិកម្នាក់ ជំនាញមួយ» ក្នុងឧស្សាហកម្មទេសចរណ៍។

ទី៥៖ ក្រសួងទេសចរណ៍ គួរមានវិធានការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដែលអាចបំផុសឱ្យមានចលនាដំណើរកម្សាន្តសម្រាប់យុវជន បុគ្គលិក កម្មករ-កម្មការិនី ឱ្យបានយ៉ាងហោចមួយដងក្នុងមួយឆ្នាំ។

ទី៦៖ ក្រសួងទេសចរណ៍ គួរមានវិធានការពង្រឹងការអនុវត្ដច្បាប់ស្ដីពី ទេសចរណ៍ និងការពង្រឹងសមាគមឧស្សាហកម្មទេសចរណ៍ ដែលជាដៃគូរបស់រដ្ឋ ហើយដែលមានសារសំខាន់ជាចាំបាច់ ធានាដល់និរន្ដរភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព នៃច្បាប់ស្តីពីទេសចរណ៍។

ទី៧៖ ក្រសួងទេសចរណ៍ គួរមានវិធានការពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ និងគ្រប់គ្រងវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងផ្តល់ផលដល់កំណើនទេសចរណ៍។

ទី៨៖ ក្រសួងទេសចរណ៍ គួរមានវិធានការពង្រឹងភាពជាដៃគូរដ្ឋ និងឯកជន (PPP) ក៏ដូចជាតួនាទីឯកជនក្នុងវិស័យទេសចរណ៍ និងពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងទេសចរណ៍នៅថ្នាក់រាជធានី-ខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ នៅឆ្នាំ២០៣០។

ទី៩៖ ក្រសួងទេសចរណ៍ គួរមានវិធានការបែបណាដើម្បីចូលរួមដល់ការជំរុញការតភ្ជាប់ (Connectivity) សម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ បម្រើឱ្យការអភិវឌ្ឍវិស័យទេសចរណ៍។

លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងទេសចរណ៍ ដែលមានលោក ថោង ខុន ជារដ្ឋមន្ត្រី ត្រូវជំរុញឲ្យមានការបណ្ដុះបណ្ដាលបន្ថែម និងឲ្យបានច្បាស់លាស់ពីប្រវត្តិសាស្ត្រ ដល់មគ្គុទ្ទេសក៍ទេសចរណ៍ ដោយលោកបានថ្លែងយ៉ាងដូច្នេះថា «ក្រសួងទេសចរណ៍ គួរមានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ ដើម្បីឲ្យយកចិត្តទុកដាក់ទាំងភាសា ការយល់ដឹងរឿងប្រវត្តិសាស្ត្រច្បាស់លាស់ កុំឲ្យពន្យល់ភ្ញៀវខុស ប្រាសាទយើងមួយៗ សុទ្ធមានប្រវត្តិសាស្ត្រខុសគ្នា តំបន់អេកូទេសចរណ៍ក៏មានប្រវត្តិសាស្ត្រ ដូច្នេះការបណ្ដុះបណ្ដាលដល់មគ្គុទ្ទេសក៍មានសារសំខាន់ណាស់ មិនត្រឹមតែបណ្ដុះបណ្ដាលប្រវត្តិសាស្ត្រទេ បណ្ដុះបណ្ដាលឲ្យច្បាស់ពីប្រវត្តិសាស្ត្រ»