(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដអគ្គនាយកដ្ឋាននគរបាលអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី ហ៊ុន សូរិទ្ធី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនអន្ដោប្រវេសន៍ បានលើកឡើងពីបញ្ហាប្រឈម នៃកំណើនជនជាតិចិន នាពេលបច្ចុប្បន្ន កំពុងហូរចូលជាកំហូកក្នុងទឹកដីខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន សូរិទ្ធី បានថ្លែងថា «នៅខេត្តព្រះសីហនុ ការហូរចូលនៃជនជាតិចិន ក្នុងនោះបានភាពវិជ្ជមាន និងភាពអវិជ្ជមាន និងបញ្ហាប្រឈមមួយចំនួន។ ជាក់ស្តែងជាមួយការហូរចូល នៃកំណើនជនជាតិចិន គេសង្កេតឃើញថា នៅខេត្តព្រះសីហនុ ទាំងមូលសេដ្ឋកិច្ច នៅខេត្តហាក់មានភាពលូតលាស់ខ្លាំង ពិសេសលើវិស័យកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋានដែលជារបរសំខាន់ របស់ពួកគាត់»។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន សូរិទ្ធី បានបន្តថា «ក្នុងនោះ ជាមួយនិងកំណើនជនជាតិចិន វាក៏បានបង្កប់ភាពអវិជ្ជមានមួយចំនួនដែលបង្កឡើង ដោយជនជាតិចិន ជាក់ស្តែងយើងសង្កេតឃើញ បាតុភាពនានា ដែលបង្កឡើងដោយជនជាតិចិន គឺការសេពគ្រឿងស្រវឹងបើកបរ ក្នុងស្ថានភាពស្រវឹង បង្កជាឲ្យមានបទល្មើសចរាចរណ៍កើតឡើងជាបន្តបន្ទាប់។ ជនជាតិចិនមួយចំនួន បង្កអំពើហិង្សា ទាស់ទែងគ្នានៅតាមទីសាធារណៈ ជាក់ស្តែងទីតាំងរបស់ពួកគេស្នាក់នៅតែម្តង ដែលបង្កភាពអនាធិបតេយ្យ នៅតាមមូលដ្ឋានផងដែរ។ ជាក់ស្តែង នាពេលបច្ចុប្បន្ន បានបង្កភាពប្រឈម និងការងារលំបាកមែនទែន»។
បើតាមលោកឧត្តមសេនីយ៍ត្រី ហ៊ុន សូរិទ្ធី ភាពវិជ្ជមាន នៃកំណើនជនជាតិចិន បានបង្កើនឡើងចំនួនកាស៊ីណូ ជាបន្តបន្ទាប់នាំឲ្យមាន តម្រូវការពលករជនជាតិខ្មែរ ហូរចូលមកខេត្តព្រះសីហនុ ដើម្បីស្វែងករការងារធ្វើមានការចំនួនកើនឡើង។ ហេតុដូចនេះពលករមួយចំនួនគាត់ បានធ្វើការចំណាក់ស្រុកទៅបរទេស ទៅខេត្តផ្សេងៗ ឬក៏មកធ្វើការនៅខេត្តព្រះសីហនុ ទីមួយដោយសារ បានកម្រៃប្រាក់សមរម្យ ទីពីរបានធ្វើការក្នុងស្រុកមិនធ្វើចំណាក់ស្រុកទៅប្រទេសជិតខាងដូចជា៖ ថៃ ម៉ាឡេស៊ី ជាដើម។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន សូរិទ្ធី បានបញ្ជាក់ថា ចំពោះការអនុវត្តការងារលើការចុះធ្វើបច្ចុប្បន្នភាព និងស្ថិតិរបស់ជនជាតិចិ បានផ្តល់ការលំបាកដល់មន្ត្រីជំនាញ ដោយសារម្ចាស់ទីតាំងមួយចំនួន ដែលជួលកន្លែងស្នាក់នៅ គាត់មានកាយវិការមិនចង់សហការ ជាមួយសមត្ថកិច្ច។ ដោយឡែកពេលខ្លះដោយសារម្ចាស់ទីតាំងជួលឲ្យជនជាតិចិនមួយចំនួន គឺសុទ្ធតែអ្នកធំមានមុខមានមាត់នៅក្នុងសង្គម ហើយម្ចាស់ទីតាំងទៀត សោធពេលធ្វើការសហការជាមួយនឹងកម្លាំងជំនាញពួកគាត់លាក់បាំងពិចំនួនភ្ញៀវជនជាតិចិន ដែលកំពុងស្នាក់នៅក្នុងផ្ទះរបស់ពួកគាត់ផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ហ៊ុន សូរិទ្ធី សូមសំណូមពរសូមឲ្យម្ចាស់ទីតាំង សហគ្រាស និងគ្រឹះស្ថាន ផ្តល់នូវការសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច និងការិយាល័យជំនាញ ឲ្យបានពេញទំហឹង ដោយសារមានករណីពីមុខពួកគាត់ព្យាយាមលាក់បាំង តួលេខពិតប្រាកដ។ ប្រសិនបើម្ចាស់ទីតាំង មិនមានបំណងសហការ ទោះបីជាកម្លាំងជំនាញខិតខំប្រឹងប្រែង យ៉ាងណាក៏ពិបាកក្តាប់បានស្ថិតិច្បាស់លាស់ នៃកំណើនជនជាតិចិន ដែលកំពុងស្នាក់ និងធ្វើការនៅក្នុងខេត្តព្រះសីហនុផងដែរ៕