(ត្បូងឃ្មុំ)៖ ករណីទុស្សេខ្សែភ្លើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង គ្មានសល់ នា​វេលាម៉ោង៩៖៣០នាទី​​នាយប់ថ្ងៃទី២៦ ខែកុម្ភៈ ស្ថិតនៅចំណុចភូមិទី៤ ឃុំរការខ្នុល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌​មាន Fresh News ប្រចាំខេត្តត្បូងឃ្មុំឲ្យដឹងថា ផ្ទះទាំង៣ខ្នងដែលឆេះក្នុងរណីទុសេខ្សែភ្លើងនេះរួមមានទី១៖ ឈ្មោះ ឈីម ស្រ៊ីន អាយុ៨១ឆ្នាំ ឆេះផ្ទះទំហំ៥,៦គុណ១០ម៉ែត្រ សង់អំពីឈើប្រកសង្ក័សី, ទី២៖ ឈ្មោះ ឈឿង សេងហ៊ា អាយុ៥០ឆ្នាំ ឆេះផ្ទះទំហំ ៧គុណ១៥ ម៉ែត្រ សង់អំពីឈើប្រកក្បឿង និងទី៣៖ ឈ្មោះ ហុង ឈាងខ្វាន់ អាយុ ឆេះផ្ទះទំហំ៧គុណ៨ម៉ែត្រ សង់អំពីឈើប្រកក្បឿង។

លោកឧត្តមសេនីយទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង ក្នុងនោះ មានរថយន្តរបស់ស្រុកក្រូចឆ្មា ស្រុកតំបែរ ស្រុកត្បូងឃ្មុំ និងក្រុងសួង។

ពេលនោះដែលមានអណ្តាតភ្លើង ឆេះ​សន្ធោសន្ធៅឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូន ជិតខាង​ជួយដងទឹកជះពន្លត់ ​ប៉ុន្តែមិនរលត់នោះទេ រួមនិងរថយន្តពន្លត់អគ្គីភ័យ មកដល់ទើបពន្លត់ចប់ជាស្ថាពរនៅម៉ោង១១៖០០នាទី។

បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ ឈីម ស្រ៊ីន មូលហេតុដែលបណ្ដាលឲ្យមានអគ្គីភ័យឆាបឆេះនោះ គឺមកពីឆ្លងចរន្តអគ្គីសនី (ទុស្សេខ្សែភ្លើង) ខណៈពេលដែលគាត់បិទទូរទស្សន៍ បិតភ្លើងអំពូល នាំកូនចៅចូលសំរាកបានបន្តិចក៏ ឮសូរសំលេងផ្ទុះ និងឃើញបែកផ្កាភ្លើងនៅចំកណ្តាល ផ្ទះហើយបង្កឲ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង និងបន្តឆាបឆេះផ្ទះអ្នកជិតខាងចំនួន២ខ្នងទៀត និងមិនបង្កឲ្យមានរបួស ឬប៉ះពាល់ដល់អាយុនរណាម្នាក់ឡើយ។

ចំណែកសម្ភារដែលខូចខាតមានប្រាក់ដុល្លារចំនួន៧០០ដុល្លារ គ្រឿងអលង្ការ និងសំភារៈផ្សេងៗមួយចំនួនទៀត៕