(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង បានជំរុញឲ្យអាជ្ញាធរនៅទូទាំងខេត្តស្វាយរៀង ត្រូវដោះស្រាយបញ្ហាប្រឈមនានា ឲ្យបានល្អប្រសើរកុំដេកចាំតែទទួលបទបញ្ជាពីថ្នាក់លើរបស់ខ្លួន ដាក់ឲ្យចាំដោះស្រាយនោះទេ។

លោកស្រី ម៉ែន សំអន បានថ្លែងបែបនេះ ក្នុងកិច្ច​ប្រជុំបូកសរុបការងារវេទិកាថ្នាក់ជាតិ​ ​របស់​ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ​ និងគាំទ្រការអនុវត្ត​កម្មវិធីនយោបាយ​ និងយុទ្ធសាស្ត្រចតុកោណ​របស់រាជរដ្ឋាភិបាល នៅខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែកុម្ភៈ ២០១៨នេះ ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការទូទាំងខេត្ត យ៉ាងច្រើនកុះករផងដែរ។

លោកស្រី ម៉ែន សំអន បានបន្តថា ក្នុងនាមអាជ្ញាធរខេត្តត្រូវដោះស្រាយបញ្ហាប្រឈមនានា ក្នុងខេត្តដូចជា ការជីកប្រទ្បាយ ដែលមានការប៉ះពាល់ដល់ដីពលរដ្ឋត្រូវចុះស្រង់ស្ថិតិឲ្យបានត្រឹមត្រូវ ដើម្បីដាក់សំណើរមកតាមខ្សែបណ្តោយទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថាតើ ផលប៉ះពាល់នោះវាអស់ទំហ៊ុប៉ុន្មានហើយ។ បញ្ហាមួយទៀត គឺបញ្ហាអនាម័យបរិស្ថាននៅក្រុងបាវិត ដែលជាក្រុងមួយ ដ៏សំខាន់សម្រាប់ ខេត្តស្វាយរៀង ព្រោះមានភ្ញៀវទេសចរណ៍ ចេញចូលច្រើនណាស់ ដែលឆ្លងកាត់ក្រុងមួយនេះ ដូច្នេះអាជ្ញាធរខេត្ត និងក្រុងត្រូវចុះអប់រំពលរដ្ឋ ក៏ដូចជា ម្ចាស់សហគ្រាស សូមកុំចោលសំរាមពាសវាលពាសកាល ត្រូវចូលរួមសម្អាតអនាម័យបរិស្ថាន ឲ្យបានល្អប្រសើរបន្ថែមទៀត កុំចាំជិតមានថ្នាក់នាំមកបានធ្វើនោះ គឺធ្វើឲ្យដូចភ្លៀងរលឹម។

លោកស្រី ម៉ែន សំអន បានបន្តទៀត បញ្ហាមួយទៀតក៏សំខាន់ដែរ គឺបញ្ហាសុខភាពរបស់ពលរដ្ឋអាជ្ញាធរមូលដ្ឋាន បានដាក់សំណើរស្នើទៅក្រុមការងារថ្នាក់ជាតិ ឲ្យបង្កើតមណ្ឌលសុខភាពតាមបណ្តាឃុំ មួយចំនួនទៀត ជាតម្រូវការរបស់ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ដូច្នេះមន្ទីរសុខាភិបាល ខេត្តត្រូវចុះសិក្សានៅតាមឃុំនីមួយៗ ហើយត្រូវរាយការណ៍ទៅក្រុមការងារថ្នាក់ជាតិ ក៏ដូចជាក្រសួង ដែលពាក់ព័ន្ធត្រូវដោះស្រាយ​ជាបន្ទាន់ព្រោះបញ្ហាសុខភាពរបស់ពលរដ្ឋ​ មានសារសំខាន់ណាស់ ក្នុងការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីបានបញ្ជាក់ថា ការងារ​ចុះមូលដ្ឋានរបស់យើង​មាន​សារសំខាន់ច្រើនណាស់គឺ៖

ទី១៖ ​ពង្រឹងសតិអារម្មណ៍ ប្រជាពលរដ្ឋយើង តាមមូលដ្ឋានឲ្យមានជំនឿជឿជាក់ ​និងការពាររាជរដ្ឋាភិបាល
ទី២៖ ​ធ្វើ​ឲ្យមន្ត្រីរាជការ​យើង​​យល់ដឹងកាន់តែ​​ច្បាស់ ពីស្ថានភាពជាក់​ស្តែង​​ខាង​សេដ្ឋកិច្ច សន្តិសុខ នៅមូលដ្ឋានជាពិសេសការបង្កើនប្រសិទ្ធិភាព សេវាតាមវិស័យជំនាញ​ បាន​សាកសួរ​សុខទុក្ខរបស់​ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ស្វែងយល់ពី​សមិទ្ធិផល និងភាពអសកម្ម​​របស់​​មន្ត្រីយើង យល់ពីតម្រូវការចាំបាច់របស់ប្រជាជនសម្រាប់​លើក​ឡើង​​មក​ដោះស្រាយថ្នាក់ជាតិ
ទី៣៖ មាន​ឱកាស​​ពន្យល់​ប្រជាជន ឲ្យជ្រាបអំពីការកែរទម្រង់ស៊ីជម្រៅ គោលនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​​ជាតិរបស់​រាជរដ្ឋាភិបាល
ទី៤៖ អាច​វាយបក​ពីការឃោសនា​អកុសល និង​ពិសពុលរបស់ក្រុមប្រឆាំង និងពន្យល់បកស្រាយចម្ងល់ និងភាពស្រពិចស្រពិល របស់ប្រជាពលរដ្ឋយើង និងកែទស្សនខុសឆ្គងរបស់គាត់
ទី​៥៖ បង្កើន​ភាពជិតស្និទ្ធ​រវាង​រាជរដ្ឋាភិបាល​ និងប្រជាជននៅតាមមូលដ្ឋាន ព្រោះតួនាទីរបស់មន្ត្រីយើងគឺបំរើប្រជាជន ដើម្បីប្រជាជន។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ត្រូវ​តាមដានស្តាប់រាល់ប្រសាសន៍ និងសុន្ទរកថា របស់​សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺ​ដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្ម​រហ័ស​​​វាយបកភ្លាម​ៗ​ រាល់​ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង។ ជាពិសេស (ប្រសាសន៍របស់សម្តេច ក្នុងពិធីបិទ​សន្និសីទជាតិស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលបានសង្កត់ធ្ងន់ថា នឹងមិនផ្តល់ឱកាសសម្រាប់អាណត្តិទី៦ ដល់រដ្ឋមន្រ្តីណា ដែលមិនបានគិតគូរផលប្រយោជន៍ប្រជាជននៅមូលដ្ឋាន ហើយអោបក្រសោបការងារតែខ្លួនឯង និងបានដាស់តឿនដល់មន្ត្រីនៅថ្នាក់ក្រោមជាតិ ដែលច្បាប់មានចែងរួចហើយពីការអនុវត្តន៍តួនាទី និងភារកិច្ចរបស់ខ្លួន តែមិនព្រមអនុវត្តន៍ មិនព្រមធ្វើបែរជានៅអង្គុយរង់ចាំតែបទបញ្ជា និងអនុសាសន៍ពីនាយករដ្ឋមន្រ្តីទៅវិញ)៕