(ភ្នំពេញ)៖ ទោះមិនបានគ្រប់មណ្ឌលទាំងអស់ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ខែចុងខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ប៉ុន្តែលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអះអាងថា គណបក្សរបស់លោក នឹងដាក់បេក្ខជនតំណាងរាស្រ្ត ឈរឈ្មោះឱ្យបានយ៉ាងហោចណាស់ ១៦មណ្ឌលរាជធានី-ខេត្ត នៅទូទាំងប្រទេសផងដែរ។
មណ្ឌលដែល លោក ពេជ្រ ស្រស់ គ្រោងនឹងដាក់បេក្ខជនតំណាងរាស្រ្តនោះ រួមមានដូចជា រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តពោធិសាត់, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, ខេត្តកំពត, ខេត្តព្រៃវែង, ខេត្តស្វាយរៀង និងខេត្តក្រចេះ។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ ឱ្យត្រៀមខ្លួនចូលរួមបោះឆ្នោតគាំទ្រដល់គណបក្សយុវជនកម្ពុជា ដើម្បីឱ្យគណបក្សនេះ បានចូលរួមចំណែកដឹកនាំប្រទេស នៅពេលខាងមុខ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានគណបក្ស នយោបាយជាច្រើន ប្រកាសត្រៀមខ្លួន ដើម្បីចូលរួមក្នុងការបោះឆ្នោត៕