(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា សហភាពអឺរ៉ុប (EU) នឹងបន្តជំហររក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដូចដែលកម្ពុជាកំពុងមានចំពោះសហភាពអឺរ៉ុប។ ការបញ្ជាក់បែបនេះបន្ទាប់ពីក្រុមប្រឹក្សាសហភាពអឺរ៉ុប បានព្រមានជាថ្មីម្តងទៀតក្នុងការលុបការអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជា ចូលទៅកាន់ទីផ្សាររបស់សហភាពអឺរ៉ុប។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាមួយអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា «នយោបាយការបរទេសរបស់កម្ពុជា គឺកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់លើសកលលោករាប់ទាំងសហភាពអឺរ៉ុបផងដែរ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក មានផលប្រយោជន៍ទៅវិញទៅមក គោរពឯករាជ្យ អធិបតេយ្យភាព មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ កម្ពុជាមានជំហរបន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយសហភាពអឺរ៉ុប ហើយសង្ឃឹមថាសហភាពអឺរ៉ុប ក៏ប្រកាន់ជំហរដូចគ្នានេះដែរ»។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំនៅទីក្រុងប្រ៊ុចហ្សែល ប្រទេសប៊ែលហ្ស៊ិក បានចេញសេចក្តីព្រមានជាថ្មីចង់ឲ្យរដ្ឋាភិបាលរបស់សហភាពអឺរ៉ុបបិទការអនុគ្រោះពន្ធសម្រាប់ទំនិញរបស់កម្ពុជាលើទីផ្សារអឺរ៉ុប ក្រោមហេតុផលថា កម្ពុជាកំពុងមានឱនភាពផ្នែកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើមនោះ។
ការនាំចេញសរុបរបស់កម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប ក្នុងឆ្នាំ២០១៦ មានទឹកប្រាក់ប្រមាណ ៦,២៥៩លានដុល្លារអាមេរិក។ កម្ពុជាទទួលបានការអនុគ្រោះពន្ធទាំងស្រុងពីទីផ្សាររបស់អឺរ៉ុប។
ក្រសួងពាណិជ្ជកម្មធ្លាប់បានបញ្ជាក់ថា បើមិនទទួលបានការអនុគ្រោះពន្ធទេនោះ កម្ពុជាត្រូវបង់ពន្ធប្រមាណ ៦៧៦លានដុល្លារ។ ទំនិញដែលកម្ពុជានាំទៅទីផ្សារសហភាពអឺរ៉ុបរួមមាន សម្លៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ វត្ថុធ្វើពីស្បែក កៅស៊ូ និងទោចក្រយានជាដើម។
បើទោះបីជាយ៉ាងណាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហាញពីការមិនភ័យព្រួយឡើយចំពោះការព្រមានរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុបរឿងដាក់ទណ្ឌកម្មនេះ។ ការមិនព្រួយបារម្ភនេះ ដោយសារតែសម្តេចបានយល់ច្បាស់អំពីលក្ខខណ្ឌ និងគោលការណ៍របស់សហភាពអឺរ៉ុបក្នុងការសម្រេចទៅលើបញ្ហាអ្វីមួយ ពោលមុនការសម្រេចទៅលើបញ្ហាអ្វីគឺត្រូវមានសំឡេងរួម ដែលជាគោលការណ៍កុងសង់ស៊ីសនោះ ប្រសិនបើមានសមាជិកណាមួយមិនឯកភាព គេក៏មិនអាចសម្រេចបាននោះដែរ។
ពាក់ព័ន្ធនឹងការចាត់វិធានការចំពោះគណបក្សប្រឆាំង រួមនិងអង្គការសង្គមស៊ីវិលនេះ នាពេលកន្លងទៅមានបណ្តាតាប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួន បានបង្ហាញនូវការគាំទ្រចំណាត់ការរបស់កម្ពុជា ហើយចាត់ទុកការងារនេះ ជារឿងផ្ទៃក្នុងរបស់កម្ពុជាតែប៉ុណ្ណោះ៕