(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការដុតរូបទីងមោង ដោយភ្ជាប់ជាមួយរូបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបាននិងកំពុងធ្វើការជាមួយស្ថានទូតអូស្ត្រាលី ដើម្បីបញ្ឈប់សកម្មភាពដ៏អសីលធម៌ទាំងនេះផងដែរ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា «ក្រសួងបាននិងកំពុងធ្វើការ សម្របសម្រួល តាមផ្លូវការទូតជាមួយអូស្ត្រាលី ដើម្បីធានាបាននូវការគោរពចំពោះកិត្តិយស និងភាពថ្លៃថ្នូរបស់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងស៊ីដនី ក្នុងខែមីនាខាងមុខ តាមការអញ្ជើញផ្លូវការរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី»

បើទោះបីជាយ៉ាងណាលោក ជុំ សុន្ទរី មិនបានបញ្ជាក់លំអិតពីកិច្ចពិភាក្សារវាងក្រសួងការបរទេសកម្ពុជា ជាមួយស្ថានទូតអូស្ត្រាលីនោះឡើយ។ បើតាមលោក ជុំ សុន្ទរី ក្រសួងការបរទេសក៏នឹងធ្វើដូចគ្នានេះ ជាមួយបណ្តាប្រទេសដទៃទៀត ចំពោះករណីដុតរូបថ្នាក់ដឹកនាំកម្ពុជាផងដែរ។

ការចរចារវាងក្រសួងការបរទេសកម្ពុជា ជាមួយស្ថានទូតអូស្ត្រាលី ដើម្បីឲ្យមានការគោរពភាពថ្លៃថ្នូររបស់មេដឹកនាំខ្មែរនេះ បានធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែរនៅអូស្ត្រាលី ដែលដឹកនាំដោយលោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ បាននាំគ្នាដុតរូបទីងមោងដោយមានភ្ជាប់ជាមួយរូបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយការនិយាយនូវពាក្យអសុរោះជាច្រើន ថែមទៀតផង។ ក្រៅពីពលរដ្ឋខ្មែរនៅអូស្ត្រាលី ពលរដ្ឋខ្មែរនៅកាណាដា ដែលគេដឹងថាសុទ្ធតែជាមនុស្សមាននិន្នាការគាំទ្រអតីតបក្សសង្គ្រោះជាតិ ក៏បាននាំគ្នាដុតរូបបែបនេះផងដែរ។

ការដុតរូបរបស់ពួកគេបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានព្រមានតាមវាយពួកគេដល់ផ្ទះប្រសិនបើមានការដុតរូបសម្តេច។

មានការលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីត្រូវតែពិចារណាលើទង្វើដ៏ឆ្គាំឆ្គងរបស់ខ្មែរនៅអូស្ត្រាលី ព្រោះការធ្វើសកម្មភាពនេះជារឿងប៉ះពាល់ដល់កិត្តិយសរបស់ ថ្នាក់ដឹកនាំខ្មែរ និយាយដោយឡែកនិយាយជារួមវិញ ក៏ជាការប៉ះពាល់ដល់កិត្តិយសរបស់មេដឹកនាំអាស៊ានផងដែរ។

នៅខែក្រោយនេះអូស្ត្រាលី អញ្ជើញមេដឹកនាំអាស៊ានទាំង១០ ឲ្យទៅប្រជុំនៅក្នុងប្រទេសរបស់ខ្លួន តែបែរជាបណ្តោយឲ្យមានការប្រមាថដល់ភាពថ្លៃថ្នូរបស់មេដឹកនាំអាស៊ានទៅវិញ តើអ្វីទៅជាបំណងពិតរបស់អូស្ត្រាលី តើអូស្ត្រាលីចង់បង្កើតទំនាក់ទំនងល្អជាមួយអាស៊ាន ឬមួយយ៉ាងណា?

អូស្ត្រាលី គួរតែដឹងពីគោលការណ៍កុងសង់ស៊ីរបស់អាស៊ាន ដូច្នេះបើអូស្ត្រាលីធ្វើឲ្យមេដឹកនាំអាស៊ានណាមួយមិនសប្បាយចិត្តជាមួយខ្លួន នោះកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលធ្វើអំឡុងថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ អាចនឹងមិនមានលទ្ធផលល្អនោះឡើយ៕