(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន្ត ក្រសួងមហាផ្ទៃឲ្យដឹងថា លទ្ធផលនៃការជំរឿនបានរកឃើញថា ជនបរទេសអន្តោប្រវេសន្តសរុប៤៦,៧៧៦គ្រួសារ ស្មើនឹងចំនួនមនុស្ស១៧៦,៨១២នាក់ ក្នុងនោះស្រីចំនួន ៧៩,៧២៨នាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមជនបរទេសអន្តោប្រវេសន្តជាង១៧ម៉ឺនាក់ ក្នុងមានជនបរទេសអន្តោប្រវេសន្តចំនួន២០,២១៨គ្រួសារ ស្មើនឹងចំនួនមនុស្ស ៧៣,៣៩៧នាក់ ស្រី៣៥,៨៨៨នាក់ មាន០៥សញ្ជាតិ កំពុងកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលឯកសារទាំងនោះមាន០៧ប្រភេទឯកសារ។

របាយការណ៍បញ្ជាក់ថា ឯកសារទាំង០៧ប្រភេទនោះរួមមាន សៀវភៅស្នាក់នៅចំនួន១៨,៥៨០ក្បាល, សៀវភៅគ្រួសារចំនួន២,១៧៧ក្បាល, សំបុត្រកំណើតចំនួន១១,៣៣៦ច្បាប់, សំបុត្រអាពាហ៍ពិពាហ៍ចំនួន២៤១ច្បាប់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន៦,៧២២ប័ណ្ណ, លិខិតឆ្លងដែនកម្ពុជា ចំនួន៦៣២ក្បាល និងបណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុចំនួន៤១បណ្ណ។

សូមជម្រាបថា ចំពោះការកាន់កាប់ឯកសារមិនប្រក្រតីនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការលុបចោល និងដកហូតឯកសារ រដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រក្រតី ហើយក្រសួងមហាផ្ទៃ ក៏បានចាត់តាំងក្រុមការងារ ចុះអនុវត្តធ្វើការដកហូត និងទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្ដោប្រវេសន្ដ នៅប្រទេសកម្ពុជា៕