(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ តាមរយៈ Facebook សម្តេចបានបញ្ជាក់ជូនជនរួមជាតិថា តាមការប្រកាសលទ្ធផលជំហានបឋមនៃ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា អាណត្តិទី៤ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទីអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានឈ្នះនាំមុខយ៉ាងខ្លាំងបំផុត នៅក្នុងភូមិភាគទាំង៨។

បន្ថែមលើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ សមាជិកសមាជិការគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសដែលតែងតែគាំទ្រ និងបោះឆ្នោតឲ្យតែគណបក្សប្រជាជនជារៀងរហូតមក​ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «តាមការប្រកាសលទ្ធផលជំហានបឋមដំបូងនៃ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ឋសភា អាណត្តិទី៤ ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទីអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ គឺបានឲ្យដឹងថា «គណបក្សប្រជាជនកម្ពុជា» យើងបានឈ្នះនាំមុខយ៉ាងខ្លាំងបំផុត នៅក្នុងភូមិភាគទាំង៨។

អរគុណសមាជិកសមាជិការគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសដែលតែងតែគាំទ្រ នឹងបោះឆ្នោតឲ្យតែគណបក្សប្រជាជន ជារៀងរហូតមក​ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

សូមជូនពរបងប្អូនជនរួមជាតិជួបប្រទះតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»។

សូមជម្រាបថា បើយោងតាមសំឡេងឆ្នោត នៃលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា អាសនៈទាំង៥៨របស់ព្រឹទ្ធសភា ដែលកើតចេញពីការបោះឆ្នោតនៅថ្ងៃអាទិត្យ ថ្ងៃទី២៥ ខែកុម្ភ ឆ្នាំ២០១៨ គឺបានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងត្រូវប្រកាសនៅថ្ងៃនេះ ក្នុងករណីដែលគ្មានពាក្យបណ្តឹងតវ៉ា។

ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២១០៨នេះ បានដំណើរការព្រមៗគ្នា ចាប់ពីម៉ោង៧ព្រឹក ទៅរហូតដល់ម៉ោង៣រសៀល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។

ដំណើរការនៃការបោះឆ្នោតមានភាពរលូន ដែលមានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែងគឺ៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានទទួលសំឡេងច្រើនលើសលុប បើធៀបនឹងគណបក្សផ្សេងៗទៀត៕