Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UNFPA ប្ដេជ្ញាបន្ដជួយគាំទ្រ ដល់វិស័យសុខាភិបាលកម្ពុជា លើផ្នែកសុខភាពមាតា ទារក និងបញ្ហាមនុស្សពេញវ័យ

27-02-2018 07:43

(ភ្នំពេញ)៖ ក្នុងកិច្ចជំនួបពិភាក្សាការងារ និងសម្ដែងការគួរសម មុននឹងចូលនិវត្ដន៍ របស់លោកស្រី Lene K. Christiansen តំណាងមូលនិធិ ដើម្បីប្រជាជន របស់អង្គការសហប្រជាជាតិ (UNFPA) ប្រចាំកម្ពុជា ជាមួយនឹងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង តំណាងអង្គអន្តរជាតិមួយនេះ បានប្ដេជ្ញាបន្ដជួយគាំទ្រ ដល់វិស័យសុខាភិបាលកម្ពុជា លើផ្នែកសុខភាពមាតា ទារក និងបញ្ហាមនុស្សពេញវ័យ។

លោកស្រីបានថ្លែងក្នុងកិច្ចជំនួប ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០១៨ នាទីស្ដីការក្រសួងសុខាភិបាលថា ត្បិតតែលោកស្រីចាកចេញទៅ តែអង្គការ UNFPA នៅតែបន្ដ ប្ដេជ្ញាជួយគាំទ្រដល់វិស័យសុខាភិបាលជានិច្ច ហើយអ្នកបន្ដវេន ពីលោកស្រី នឹងធ្វើដំណើរមកកម្ពុជា ក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

លោកស្រីបន្ថែមថា ពេលនេះ UNFPA ក៏កំពុងតែរៀបចំកម្មវិធីមូលនិធិបន្ថែមទៀត លើវិស័យសុខាភិបាលនេះ ពិសេសលើកម្មវិធីផ្នែកសុខាភិបាល មាតា ទារក និងបញ្ហាមនុស្សពេញវ័យ។

លោកស្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង និងសហការី ពិសេសថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានអនុញ្ញាតឲ្យតំណាងអង្គការ UNFPA ចូលជួបពិភាក្សាការងារជាមួយសម្ដេច ហើយ UNFPA នឹងបន្ដធ្វើការងារជាដៃគូដ៏ជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធផ្សេងទៀត ក្នុងការរួមចំណែកជំរុញកិច្ច អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយនឹងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅកម្ពុជា។

ទន្ទឹងនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់លោកស្រី ក៏ដូចជាអង្គការ​ UNFPA ចំពោះការឧបត្ថម្ភគាំទ្រកន្លងមកលើវិស័យសុខាភិបាល និងក្រសួងពាក់ព័ន្ធផ្សេងទៀត ពិសេសកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញការងារជា គុណប្រយោជន៍ដល់ប្រជាជនកម្ពុជា កន្លងមកនេះ។

លោកវេជ្ជបណ្ឌិត បានស្វាគមជានិច្ច ចំពោះវត្ដមានរបស់អង្គការ UNFPA ក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការ កាន់តែរឹងមាំបន្ថែមទៅថ្ងៃអនាគត៕