(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតមួយ ដោយសម្រេចជាគោលការណ៍ក្នុងការបញ្ឈប់ការអនុញ្ញាតឲ្យក្រុមហ៊ុន ឌួង ស្រួច គ្រុប ឬក្រុមហ៊ុនឯកជនណាមួយ ប្រមូលផល-អនុផលព្រៃឈើ នៅក្នុងតំបន់គម្រោងសម្បទានដីសង្គមកិច្ច។ នេះបើយោងតាមលិខិតរបស់លោក ប៊ុន អ៊ុយ រដ្ឋលេខាធិការនៃ ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើជូនរដ្ឋមន្រ្តីបរិស្ថាន ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

នៅក្នុងលិខិតនេះ លោក ប៊ុន អ៊ុយ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលបានយល់ព្រមតាមសំណើរបស់ក្រសួងបរិស្ថាន មិនអនុញ្ញាតឲ្យក្រុមហ៊ុន ឌួង ស្រួច គ្រុប ឬក្រុមហ៊ុនផ្សេងទៀត ធ្វើអាជីវកម្មប្រមូលផល-អនុផលព្រៃឈើលើដី ដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋកន្លងមក ឬធ្វើអាជីវកម្មប្រមូលផល-អនុផលព្រៃឈើ នៅក្នុងទីតាំងគម្រោងដីសម្បទានសង្គមកិច្ចទាំងអស់»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨កន្លងទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចេញលិខិតឲ្យបញ្ឈប់សកម្មភាពប្រមូលផល អនុផលព្រៃឈើរបស់ក្រុមហ៊ុន ឌួង ស្រួច គ្រុប ដែលមានសិទ្ធិប្រមូលផល អនុផលព្រៃឈើ ក្នុងដីសម្បទានសង្គមកិច្ច ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន១៥៤៤ហិកតា។

បន្ទាប់ពីមានការសម្រេចពីក្រសួងកសិម្ម នៅចុងខែមករា ឆ្នាំ២០១៨ មន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះធ្វើកិច្ចសន្យា ជាមួយតំណាងក្រុមហ៊ុន ឌួង ស្រួច គ្រុប ឲ្យអនុវត្តលិខិតណែនាំរបស់ក្រសួងកសិកម្ម ដើម្បីបញ្ឈប់ទាំងស្រុង សកម្មភាពប្រមូលផលអនុផលព្រៃឈើក្នុងដីសម្បទានសង្គមកិច្ច ក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយត្រូវបានតំណាងក្រុមហ៊ុនចូលសហការជាមួយផងដែរ៕