(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាពើក ស្ថិតនៅភូមិពើក ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សា ០១ខ្នង ស្មើ០៦បន្ទប់ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតំបន់នេះស្ថិតនៅជនបទចុងកាត់មាត់ញក ពោលនៅឆ្ងាយពីទីប្រជុំជនតែម្តង។
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សានេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងកងវិស្វកម្ម និងអាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ៥០០នាក់។
ថ្លែងក្នុងពិធីនេះលោក ហាក់ សុខមករា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាក់ស្តែងក្នុងស្រុកអូររាំងឪ សម្តេចបានផ្តល់អគារសិក្សាសរុបចំនួន ១១៨ខ្នង ស្មើ៥២៩បន្ទប់ ហើយនៅពេលនេះ សម្តេចបានផ្តល់អគារសិក្សាមួយខ្នងទៀតស្មើ៦បន្ទប់ ដល់សាលាបឋមសិក្សាពើក ឃុំដំរិល ដែលយើងកំពុងតែធ្វើពិធីបញ្ចុះ បឋមសិលាសាងសង់នៅពេលនេះ។
ទន្ទឹមគ្នានោះលោកអភិបាលរងខេត្ត បានបញ្ជាក់ថា វិស័យអប់រំ ត្រូវបានរាជរដ្ឋាភិបាល កំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ពិសេសការសាងសង់អគារសិក្សាគ្រប់ទីកន្លែង និងជំរុញការលើកទឹកចិត្តដល់គ្រូបង្រៀនគ្រប់កម្រិត ដើម្បីលើកកំពស់ការបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
លោកក៏បានជម្រាបប្រាប់ប្រជាពលរដ្ឋឲ្យ បញ្ជូនកូនចៅទៅសាលារៀន និងបន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍជាតិ។ លោកបានស្នើឱ្យប្រជាពលរដ្ឋ បន្តបោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងអាណត្តិក្រោយៗទៀត ដើម្បីសម្តេចបន្តអភិវឌ្ឍន៍ប្រទេសយើង ឱ្យកាន់តែរីកចម្រើនឡើងខ្លាំងឡើង និងកុំជឿតាមការញុះញង់របស់បុគ្គលមួយក្រុមតូច៕