(ភ្នំពេញ)៖ សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ចេញសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៤ ដំណើរការទៅដោយភាពរលូន ប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាទីមោទនសម្រាប់ជាតិ។

សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានអះអាងថា ខ្លួនបានចាត់បញ្ជូននិស្សិតស្ម័គ្រចិត្ត ចំនួន៩៣នាក់ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេស ធ្វើជាអ្នកសង្កេតការណ៍ជាតិ នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលបានប្រព្រឹត្ត ទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមកនេះ ក្រោមប្រធានបទ «កែវភ្នែកយុត្តិធម៌» នៅទូទាំង២៥រាជធានី-ខេត្ត។  

សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានអះអាងទៀតថា ឈរលើមូលដ្ឋានឯករាជ្យ និងអព្យាក្រឹត្យ ក្រុមអ្នកសង្កេតការណ៍ជាតិ របស់សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា សង្កេតឃើញថា៖

១៖ មានគណបក្សនយោបាយចំនួន0៤ បានឈរឈ្មោះក្នុងការប្រកួតប្រជែង។

២៖ ក្នុងរយៈពេលនៃការឃោសនាបោះឆ្នោត បណ្តាគណបក្សនយោបាយ និងអ្នកគាំទ្រ បានចូលរួមឃោសនាយ៉ាងសកម្ម ដោយសេរី និងគោរពបានតាមបទបញ្ជា និងនីតិវិធី ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់។

៣៖ កិច្ចដំណើរការបោះឆ្នោត ចាប់តាំងពីដំណើរការដំបូង រហូតដល់ចប់ការបោះឆ្នោត គឺប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសនយោបាយល្អ ដោយមានអ្នកបោះឆ្នោត និងអង្គបោះឆ្នោតបានចូលទៅបោះឆ្នោត សរុបមានចំនួន១១,៦៧០រូប ស្មើនឹង៩៩.៧៩% និងអ្នកបោះឆ្នោតចំនួន២៥រូប អវត្តមាន មិនបានបោះឆ្នោត ដោយសារមានជម្ងឺធ្ងន់ធ្ងរ និងអវត្តមានដោយគ្មានមូលហេតុ។

៤៖ កិច្ចដំណើរការនៃការរាប់សន្លឹកឆ្នោត គឺប្រព្រឹត្តទៅដោយសុក្រឹត និងតម្លាភាពក្រោមវត្តមានរបស់ភ្នាក់ងារគណបក្សនយោបាយនីមួយៗ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងអ្នកសារព័ត៌មាន ដើម្បីពិនិត្យ ឃ្លាំមើល និងតវ៉ាក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង។ នេះបញ្ជាក់ឱ្យឃើញថា លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាកាន់តែរីកចម្រើន និងចាក់ឫសកាន់តែជ្រៅក្នុងសង្គមកម្ពុជា។

សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានគូសបញ្ជាកថ់ា ឆ្លងតាមការសង្កេត និងឃ្លាំមើលជាក់ស្តែងនៅទូទាំង២៥រាជធានី-ខេត្ត ក្រុមអ្នកសង្កេតការណ៍ជាតិ របស់សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា សូមធ្វើការសន្និដ្ឋាន និងវាយតម្លៃខ្ពស់ នៃដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨នេះ បានប្រព្រឹត្តទៅយ៉ាងរលូន គ្មានហិង្សា ស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ ត្រឹមត្រូវ តម្លាភាព សេរី និងយុត្តិធម៌ ដែលអាចទទួលយកបាន។ នេះសបញ្ជាក់ ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨នេះ ស្ថិតក្នុងបរិយាកាសនយោបាយ ប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាទីមោទនៈសម្រាប់ប្រទេសជាតិយើង៕