(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ពិន ចំណាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដលើកកម្ពស់វិស័យអប់រំ នៅគ្រប់កម្រិតទាំងអស់ មិនថាគ្រឹះស្ថានរដ្ឋ ឬគ្រឹះស្ថានឯកជននោះទេ។

ការថ្លែងបែបនេះរបស់លោក ពិន ចំណាន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិសិ្សតសាកលវិទ្យាលយ័អន្តរជាតិ ចំនួនជាង៤០០នាក់ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាសាកលវិទ្យាលយ័អន្តរជាតិ។

លោក ពិន ចំណាន បានលើកឡើងថា ការលើកកម្ពស់វិស័យអប់រំនេះ គឺដើម្បីឲ្យស្របទៅតាមកម្រិតស្តង់ដាជាតិ-អន្តរជាតិ និងតម្រូវការអភិវឌ្ឈន៏របស់ប្រទេស តាមរយៈការពង្រឹងការបណ្តុះបណ្តាលវិក្រឹតការគ្រូបង្រៀន និងការកែលម្អកម្មវិធីសិក្សា ការបំពាក់គ្រឿងបរិក្ខាសម្ភារសិក្សា បន្ទប់ពិសោធន៏ជាដើម។

លោកបានបន្តថា ក្រសូងអប់រំ យុវជន និងកីឡា នៅតែបន្តយកចិត្តទុកដាក់ ទៅលើវិស័យកំណែទម្រង់វិស័យ អប់រំនេះជាងពេលណាៗទាំងអស់ សំដៅធ្វើឲ្យបានសម្រេចនូវបុព្វហេតុកំណែរទនម្រង់វិស័យអប់រំនេះ។

ដើម្បីឲ្យការអនុវត្តនូវ វិធានការកែរទម្រង់វិស័យអប់រំនេះ ជោគជ័យទៅបាន លុះត្រាតែមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាន ពោលគឺផ្តើមពីខ្លួនយើងម្នាក់ៗ គ្រួសារ​ សាលារៀន និងសង្គម ដែលមានសិស្សានុសិស្ស និសិ្សត គ្រូបង្រៀន និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់៕