(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការដាក់បញ្ចូលតំបន់កោះរ៉ុងជាឧទ្យានជាតិ គឺជាចលនាមួយក្នុងការ ចូលរួមអភិរក្សក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ។
លោក សាយ សំអាល់ បានបញ្ជាក់ថា «ការដាក់បញ្ចូល គឺជាការចូលរួមចលនាអភិរក្សធនធានធម្មជាតិក្នុងស្រុក តំបន់ និងអន្តរជាតិ។ កោះរ៉ុងជាកោះ ដែលមានតម្លៃជីវសាស្ត្រខ្ពស់គួរសមដែលមានរុក្ខជាតិ និងធនធានធម្មជាតិកម្រដែលអាចមិនមាននៅកន្លែងផ្សេងទៀត»។
បើតាមរដ្ឋមន្ត្រីវ័យក្មេងរូបនេះ បានឲ្យដឹងបន្តថា តំបន់កោះរ៉ុង គឺជាចរាចរមច្ឆា ពីឈូងសមុទ្រថែ មកកម្ពុជា ហើយវាជាជម្រកសត្វមួយយ៉ាងធំ សម្រាប់ការផ្តល់ធនធានជលផលដល់ប្រជានេសាទ។ ទន្ទឹមនឹងនេះតំបន់កោះរ៉ុង មានផ្កាថ្មដ៏ស្រស់ស្អាតដែលកម្ពុជា ត្រូវការអភរិក្សសម្រាប់ កំណើនទេសចរណ៍ ជាអតិបរមាបើទោះបីកម្ពុជា មានតំបន់ផ្កាថ្មជាច្រើន ផ្សេងទៀតក៏ដោយ។
ការថ្លែងរបស់លោក សាយ សំអាល់ បែបនេះធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍អប្សរា នាទីស្តីការក្រសួងបរិស្ថាន។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ បានដាក់បញ្ចូលផ្ទៃដី៥២,៤៩៨ ហិកតាដែលគ្របដណ្តប់កោះចំនួន៧ ក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង រួមមានកោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្ចាស់ក្រៅ កោះម្ចាស់ក្នុង និងសមុទ្រជុំវិញ៕