(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ២០១៨នេះ សហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យគោលដៅហាងកាហ្វេ តាមបណ្តោយផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ប្រធាននាយកដ្ឋានរូបនេះ បញ្ជាក់ថា ​បានពិនិត្យឃើញមានមនុស្ស២០​នាក់ ស្រី៧នាក់ ជាជនជាតិវៀតណាម បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់គ្មានលិខិតឆ្លងដែន។

បើតាមលោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង២០នាក់នេះ ត្រូវបានបញ្ជូនទៅ​កាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕