(ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រកាសនៅថ្ងៃស្អែកនេះ ក្នុងករណីដែល គ្មានពាក្យបណ្តឹងតវ៉ា។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «សូមរំលឹកថា តាមប្រតិទិនរបស់ គ.ជ.ប លទ្ធផលបណ្តោះអាសន្ន នឹងធ្វើការផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងករណីគ្មានបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ សម្រាប់ពេលវេលា នៃការផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្នតាមទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា គ.ជ.ប នឹងជម្រាបជូននៅពេលក្រោយ»។
ជាមួយគ្នានេះដែរ លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នឹងចាក់ផ្សាយឡើងវិញតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា នៅយប់នេះ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២១០៨នេះ បានដំណើរការព្រមៗគ្នា ចាប់ពីម៉ោង៧ព្រឹក ទៅរហូតដល់ម៉ោង៣រសៀល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ដំណើរការនៃការបោះឆ្នោតមានភាពរលូន ដែលមានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែងគឺ៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានទទួលសំឡេងច្រើនលើសលុប បើធៀបនឹងគណបក្សផ្សេងៗទៀត៕