(ភ្នំពេញ)៖ នៅថ្ងៃព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ កម្ពុជានឹងចុះកិច្ចព្រមព្រៀងជាមួយ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដើម្បីផ្ដល់សិទ្ធិឱ្យមជ្ឈមណ្ឌលនេះ បំពេញមុខងារ និងប្រតិបត្តិការរបស់ខ្លួន បានពេញលេញ ​និងប្រកបដោយប្រសិទ្ធភាព។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែល Fresh News ទទួលបាននៅថ្ងៃនេះ។

កិច្ចព្រមព្រៀងនេះ នឹងចុះហត្ថលេខាដោយ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោក ម៉ៃឃើល តាន់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ដែលជាបច្ចុប្បន្នជាប្រធានគណៈកម្មាធិការអចិន្ដ្រៃយ៍ នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) សម្រាប់ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌល ARMAC រាជធានីភ្នំពេញ។ ពិធីចុះហត្ថលេខានេះ នឹងចូលរួមធ្វើជាសាក្សី ដោយសមាជិកនៃ គណៈកម្មាធិការនេះ មន្ដ្រីលេខធិការដ្ឋានអាស៊ាន និងតំណាងស្ថានទូត ប្រទេសអាស៊ាននៅភ្នំពេញផងដែរ ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌល ARMAC នៅទីក្រុងភ្នំពេញ។

កិច្ចព្រមព្រៀងនេះ នឹងក្លាយជាលិខិតុឧបករណ៍ដ៏សំខាន់ ដែលបង្ហាញពីការបេ្ដជ្ញាចិត្ត និងការគាំទ្ររបស់កម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះ សម្រាប់ទីស្នាក់ការ មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន។ កិច្ចព្រមព្រៀងនេះ ក៏នឹងចែងអំពីភារកិច្ច និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិដែលត្រូវបាន ផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យ ARMAC អាចបំពេញមុខងារ និងប្រតិបត្តិការរបស់ខ្លួន បានពេញលេញ និងប្រកដោយប្រសិទ្ធភាព៕

ខាងក្រោមនេះ ជាសេចក្ដីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលមានខ្លឹមសារទាំងស្រុង៖