(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ព្រំ ស័ក្កដា មេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ បានថ្លែងឲ្យដឹងថា ចំពោះករណីខ្មាន់កាំភ្លើង បើករថយន្តតាមបាញ់ជនរងគ្រោះ ប្រុសស្រី២នាក់ ដល់មុខផ្ទះក្នុង ខណ្ឌសែនសុខ កាលពីយប់មិញនោះ កម្លាំងជំនាញអាវុធហត្ថរបស់លោក បានតម្រុយខ្លះហើយ និងកំពុងតែតាមដានស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីតាមចាប់ខ្លួនជននេះ។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខណ្ឌសែនសុខ លោក ជួន សុជាតិ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកមេបញ្ជាការបានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំណត់មុខសញ្ញា ជនបង្ក ការបាញ់ប្រហារកាលពីយប់មិញបានហើយ ក្រោយបើការស៊ើបអង្កេតយ៉ាងប្រកិតប្រកើយ ដោយមានកិច្ចសហការជាមួយកម្លាំងអាវុធហត្ថព្រហ្មទណ្ឌក្រុង»

លោកវរសេនីយ៍បានបន្តទៀតថា «ចម្លើយខ្លះពីសាក្សី សាច់ញាតិ និងទិដ្ឋភាពនៅកន្លែងកើតហេតុ គឺជាពន្លឺនៃវាំងននខ្មៅ នៅពីក្រោយការបាញ់ប្រហារប៉ុនប៉នសម្លាប់ក្រុមជនរងគ្រោះ»។ បើដូចការអះអាងរបស់លោក ព្រំ ស័ក្កដា នេះ ខ្មាន់កាំភ្លើងអាចនឹងត្រូវកម្លាំងអាវុធហត្ថតាមចាប់ខ្លួន ក្នុងពេលដ៏ខ្លីខាងមុខនេះជាមិនខាន។

គិតត្រឹមរសៀលថ្ងៃនេះ ជនរងគ្រោះប្រុសស្រីទាំង២នាក់ ដែលត្រូវខ្មាន់កាំភ្លើង បើករថយន្តតាមទៅបាញ់ប៉ងសម្លាប់ចោល នៅមុខផ្ទះកាលពីយប់មិញ នៅខណ្ឌសែនសុខនោះ បាននិងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារមុខរបួសធ្ងន់ធ្ងរពេក ក្រោយត្រូវគ្រាប់កាំភ្លើង។

សម្រាប់អត្តសញ្ញាណវិញ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ប្រុសមានឈ្មោះ គង់ រ៉ាវិន អាយុ៣១ឆ្នាំ មុខរបរជាអ្នករកស៊ី និងមានទីលំនៅម្តុំទួលសង្កែ ខណ្ឌឬស្សីកែវ និងជាម្ចាស់រថយន្ត Tacoma។ ដោយឡែកស្រ្តីរងគ្រោះឈ្មោះ គីន វិន អាយុ២៥ឆ្នាំ មុខរបរអ្នកលក់ខោអាវ។

មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា មូលហេតុតាមការសួរនាំជាជំហ៊ានដំបូងនោះ សង្ស័យផ្តើមចេញពីរឿងស្នេហាត្រីកោណ។

សម្រាប់ហេតុការណ៍នេះ ត្រូវបានភ្មាក់ងារព័ត៌មាន Fresh News ប្រចាំការនៅពេលរាត្រី លោក ប៉ែន ចិន្តា រាយការណ៍ថា បានកើតឡើងយ៉ាងលឿន ដោយជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយសូម្បីតែសមត្ថកិច្ចមូលដ្ឋាន ក៏បានដឹងពីករណីផងដែរ ក្រោយពេលកើតហេតុនោះ។

សូមបញ្ជាក់ថា នៅពាក់កណ្តាលយប់ឆ្លងចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ត្រី និងបុរសចំនួន២នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវខ្មាន់កាំភ្លើង បើករថយន្តមិនស្គាល់ម៉ាកតាមបាញ់ប្រហារ ប៉ងផ្តាច់ជីវិត នៅតាមផ្លូវ១៩៧៤ ស្ថិតក្នុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យធ្ងន់ ហើយធ្លុះធ្លាយរថយន្តជាច្រើនគ្រាប់។

តាមសម្តីសាក្សី មុនកើតហេតុជនរងគ្រោះ មានគ្នា២នាក់ជិះរថយន្តមួយគ្រឿងម៉ាក Toyota Tacoma ស្លាកលេខភ្នំពេញ 2Q-5081 តាមផ្លូវ១៩៧៤ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់មុខផ្ទះរងគ្រោះរូបនោះ បម្រុងឈប់រថយន្តចុះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក បានបើកមកឈប់ក្បែរ ហើយធ្វើការបាញ់ប្រហារ ទៅលើរថយន្តជនរងគ្រោះ ចំនួន៥គ្រាប់ ពីខាងស្តាំនៃរថយន្ត បណ្តាលឲ្យត្រូវជនរងគ្រោះ ទាំងពីរនាក់ ដែលនៅក្នុងរថយន្ត Tacoma នោះតែម្តង ដោយនារីដែលគេប៉ងបាញ់ផ្តាច់ជីវិតត្រូវ៣គ្រាប់ គឺស្មាស្តាំ២គ្រាប់ កំភួនដៃខាងឆ្វេង១គ្រាប់ ចំណែកបុរសដែលបើករថយន្ត ត្រូវ១គ្រាប់ ចំកំភួនដៃខាងស្តាំ។

ក្រោយកើតហេតុជនសង្ស័យ បន្ទាប់ពីបាញ់ហើយ បានបើករថយន្ត គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបានបន្សល់ទុកនៅតែ ក្បាលគ្រាប់កាំភ្លើង ដែលបាញ់ហើយប៉ុណ្ណោះ។ អ្នករងរបួសទាំង២នាក់ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕