(រតនគិរី)៖ លោក ថង​ សាវុន​ អភិបាលខេត្ត​រតនគិរី នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការទូទាំងខេត្ត ដែលបានខិតខំថែរក្សាសន្តិភាព សណ្តាប់ធ្នាប់ ក្នុងឱកាសបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ធ្វើឲ្យដំណើរដោយរលូន។

លោក ថង​ សាវុន បានថ្លែងនូវការកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាឯកភាពខេត្ត​ ក្រុង​ ស្រុក​ និងកងកម្លាំងទាំងអស់​ ដែលបានចូលរួមរក្សានូវសន្តិសុខសណ្តាប់ធ្នាប់​ និងសុវត្ថិភាពសង្គម​ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ​ជាពិសេសគឺការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៤​ ឆ្នាំ២០១៨​ កន្លងមកនេះ​។

លោក ថង​ សាវុន បានបន្តថា «សុំឲ្យកម្លាំងជំនាញ​ទាំងអស់យកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាសន្តិសុខ​ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ​ ព្រមទាំងភ្ញៀវជាតិ​ អន្តរជាតិ​ ដែលមកទស្សនានៅក្នុងខេត្ត​ និងអនុវត្តឲ្យបាននូវបទបញ្ជា​ សេចក្តីណែនាំ​នានារបស់រាជរដ្ឋាភិបាលកម្ពុជា​ ដូចជា ការត្រួតពិនិត្យរថយន្តផ្ទុកលើសទម្ងន់​ និងខុសលក្ខណៈបច្ចេកទេស​ ការងារលុបបំបាត់​ការត្រួតពិនិត្យប៉ុស្តិ៍អនាធិបតេយ្យជាដើម»។

ព្រមជាមួយនេះ លោកអភិបាលខេត្ត ក៏ណែនាំឲ្យផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវគោលនយោបាយ​ភូមិ​-ឃុំ​ មានសុវត្ថិភាព​ ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹង​ និងចូលរួមថែរក្សាសន្តិសុខ​សង្គម​ និងទប់ស្កាត់ឲ្យបាននូវបទល្មើសនានានៅក្នុងភូមិសាស្ត្រខេត្ត​។ ដោយឡែក កងកម្លាំង​អាជ្ញាធរស្រុក​-ក្រុង​ ត្រូវសហការគ្នាឲ្យបានល្អក្នុងការងារទប់ស្កាត់បទល្មើសធនធានធម្មជាតិ​ និងការលួចឆ្លងដែនខុសច្បាប់​៕