(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើជាអធិបតីនៃ «សន្និបាតប្រចាំឆ្នាំ២០១៨» ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការបរទេស។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ​ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះ។

សេចក្តីជូនដំណឹងបានឲ្យដឹងថា សន្និបាតនេះ ក៏នឹងមានការចូលរួមដោយថ្នាក់ដឹងនាំ និងមន្ត្រីរបស់ក្រសួងការបរទេស ក៏ដូចជាឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជាផងដែរ។

ក្នុងក្របខណ្ឌនៃសន្និបាតប្រចាំឆ្នាំនេះ ក្រសួងការបរទេស នឹងពិនិត្យឡើងវិញពីសកម្មភាព និងការប្រឈមនានា ក្នុងឆ្នាំ២០១៧ ព្រមទាំងកំណត់ទិសដៅការទូត ឆ្នាំ២០១៨។ វាគ្មិនសំខាន់ៗ ពីក្រសួងនានា នឹងត្រូវបានអញ្ជើញមកធ្វើបទបង្ហាញដែលនឹងលើកកម្ពស់ចំណេះដឹងប្រតិបត្តិ ពង្រីកកម្រិតវិភាគ និងការយល់ដឹងច្បាស់លាស់ ដល់អ្នកការទូតកម្ពុជា ដើម្បីអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធិភាព និងការពាររាជរដ្ឋាភិបាលកម្ពុជា នៅលើឆាកអន្តរជាតិ។នេះបើតាមសេចក្តីប្រកាស។

សេចក្តីជូនដំណឹងដដែលបា នឲ្យដឹងបន្តថា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងថ្លែងសុន្ទរកថា បិទកម្មវិធីសន្និបាត ដ៏សំខាន់នេះផងដែរ៕