(ភ្នំពេញ)៖ ទីបំផុត ! តុលាការកំពូល បានចេញសាលដីកាសម្រេចជាស្ថាពរ ឱ្យលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សភ្លើងទៀន ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែដដែល និងពិន័យប្រាក់៨លានរៀល ពាក់ព័ន្ធនឹងករណីញុះញង់ថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន។
សាលដីកាស្ថាពររបស់តុលាការកំពូល ត្រូវបានប្រកាស នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បន្ទាប់ពីជំនុំជម្រះ លើបណ្តឹងសារទុក្ខរបស់ មេធាវី សំ សុគង់ ដែលជាអ្នកការពារក្តីឱ្យ លោកស្រី ថាក់ ឡានី។ សាលដីកានេះ គឺជាការតម្កល់នូវសេចក្តីសម្រេចរបស់ សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ។
លោក គី តិច មេធាវីការពារក្តីឱ្យសម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះថា ជាលទ្ធផល ក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ទុកជាបានការទាំងស្រុង។ ពោលគឺ ផ្តន្ទាទោស ថាក់ ឡានី ដាក់ពន្ធធនាគារ ចំនួន១ឆ្នាំ៦ខែ។ ពិន័យជាប្រាក់ចំនួន៨លានរៀល ចូលជាថវិការដ្ឋ។ បង្គាប់ឲ្យ ថាក់ ឡានី សងសំណងជំងឺចិត្តចំនួន ១០០រៀល ដល់ដើមបណ្តឹងរប្បវេណី និងបានបង្គាប់ឱ្យសមត្ថកិច្ចចាប់ និងឃុំខ្លួន លោកស្រី ថាក់ ឡានី»។
លោកបានបញ្ជាក់ថា សាលដីកា របស់តុលាការកំពូលនេះ គឺជាសាលដីកា ស្ថាពរហើយ ។
សូមបញ្ជាក់ថា កន្លងមក ទាំងសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោសលោកស្រី ថាក់ ឡានី ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែនិងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួន១០០រៀល។
លោកស្រី ថាក់ ឡានី បានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី នៅក្នុងវេទិកាសាធារណៈនៅខេត្តរតនគិរី ។
ដើម្បីស្វែងរកភាពយុត្តិធម៌ និង ភាពស្អាតស្អំក្នុងនាមជាមេដឹកនាំកំពូលនៃប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹងប្តឹងលោកស្រី ថាក់ ឡានី ដោយសំណូមពរឱ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម ១០០រៀលប៉ុណ្ណោះ ៕