(ព្រះសីហនុ)៖ ប្រជាពលរដ្ឋចំនួន១២គ្រួសារ បានបន្តស្នើសុំឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ នៅលើកោះរ៉ូងសន្លឹម ដែលរាជរដ្ឋាភិបាលបានអនុក្រឹត្យ ឲ្យបង្កើតសង្កាត់កាលពីឆ្នាំ២០០១រួចមកនោះ។

យោងតាមលិខិតរបស់ប្រជាពលរដ្ឋដែលស្នើឲ្យសម្តេចតេជោ ជួយដោះស្រាយនោះ ពួកគាត់អះអាងថា អាចនឹងប្រឈមការបាត់បង់ដីលំនៅឋាន ដីចំការ និងមុខរបររកស៊ី ដោយសារការរំលោភបំពាន ពីកងទ័ពជើងទឹក។

ប្រជាពលរដ្ឋអះអាងថា ការកាត់កាប់ដីធ្លី និងការរស់នៅរបស់ប្រជាពលរដ្ឋនៅភូមិកោះរ៉ុងសន្លឹម នៃសង្កាត់កោះរ៉ុង គឺមានការដឹងឮជាសាធារណៈ និងទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង ស្របតាមច្បាប់ភូមិបាលឆ្នាំ២០០១ និងអនុក្រឹត្យលេខ១៧ អនក្រ.បតចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០០១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រជាពលរដ្ឋបញ្ជាក់ទៀតថា សម្រាប់តែនៅថ្ងៃទី០៤-០៥ ខែមករា ឆ្នាំ២០១៧ បែរជាកងទ័ពជើងទឹកមកអះអាងថា ជាដីរបស់អង្គភាពខ្លួនទៅវិញ ហើយបានចុះបោះបង្គោលថ្មនៅលើដីប្រជាពលរដ្ឋ ដោយមិនបានឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានដឹងឡើយ។

ប្រជាពលរដ្ឋបានលើកឡើងថា «សូមសម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ចំពោះសកម្មភាពខាងលើ និងមេត្តាដោះស្រាយឲ្យប្រជាពលរដ្ឋយើងខ្ញុំ បានទទួលកម្មសិទ្ធិកាន់កាប់ អចលនវត្ថុស្របច្បាប់គ្រប់ៗគ្នា ដោយក្តីអនុគ្រោះ»

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ អភិបាលខេត្តព្រះសីហនុ បានផ្ញើលិខិតជូនលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ស្នើសុំចុះពិនិត្យ វាស់វែង និងឆ្វៀលដី នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ជូនប្រជាពលរដ្ឋចំនួន១៦២គ្រួសារផងដែរ ប៉ុន្តែបែរជាថ្មីៗនេះ អាជ្ញាធរចេញលិខិតមួយទៀត ឲ្យប្រជាពលរដ្ឋរុះរើចេញទៅវិញ ដែលបញ្ហានេះ​ធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ជាខ្លាំង។

យ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋសង្ឃឹមជឿជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់ក្តីមេត្តាជួយដោះស្រាយស្វែងរកយុត្តិធម៌ឲ្យពួកគាត់ ផ្តល់កម្មសិទ្ធិជូនពួកគាត់។ 

យ៉ាងណាពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋនេះ Fresh News មិនទាន់អាចទំនាក់ទំនងកងទ័ពជើងទឹក ដើម្បីបំភ្លឺនៅឡើយទេ។ ប៉ុន្តែយើងរង់ចាំការបំភ្លឺជានិច្ច៕