(បាត់ដំបង)៖ រថយន្តក្រុង និងរថយន្តដឹកត្រី បានព្រលះគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់៤នាក់ នៅស្រុកមោងឬស្សី នៅវេលាម៉ោង២៖១៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី១៦ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្ត និងរថយន្ត (ទិសដៅផ្ទុយគ្នា) រថយន្តក្រុងដឹកទំនិញក្រុមហ៊ុនវឌ្ឍនភាព ពណ៌ស្វាយ ពាក់ស្លាកលេខភ្នំពេញ 3C-8052 អ្នកបើកបរឈ្មោះ ថា វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅសង្កាត់ពវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើដំណើរទិសពីបាត់ដំបងទៅភ្នំពេញ មកដល់ចំនុចខាងលើ បានបុកជាមួយរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ ដាយពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5811 ដឹកត្រីអ្នកបើកបរឈ្មោះ វ៉ិន ខេង អាយុ៣៦ឆ្នាំ រស់នៅភូមិ ទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចមូលដ្ឋានបានបន្តថា ជនរងគ្រោះដែលស្លាប់ទាំង៤នាក់រួមមាន៖
ទី១៖ ឈ្មោះ ថា វុទ្ធី អ្នកបើក បរថយន្តក្រុង (ស្លាប់)
ទី២៖ ឈ្មោះ វ៉ិន ខេង អ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយ (ស្លាប់)
ទី៣៖ ឈ្មោះ គង មករា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រែកតាឌួងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្កកណ្តាល អ្នករួមដំណើរជាមួយរថយន្តដឹកត្រី (ស្លាប់)
ទី៤៖ ឈ្មោះ ក្តាម ភេទប្រុស អាយុ២៨ឆ្នាំ រស់ភូមិព្រែកតាឌួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាលអ្នករួមដំណើរ ជាមួយរថយន្តដឹកត្រី(ស្លាប់)។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចប្រាប់ថា មកពីរថយន្តក្រុងបើករេចង្កូត ចូលចំណែកផ្លូវខាងស្តាំដៃរបស់រថយន្តដឹកត្រី។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន រថយន្តទាំង២គ្រឿង ត្រូវនគរបាលចរាចរណ៍ផ្លូវគោក អូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត រង់ចាំធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ៕