(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា សន្តិភាព គឺជាតម្លៃដែលធ្វើ ឲ្យយើងមានអ្វីៗ គ្រប់បែបយ៉ាង រួមទាំងអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាឲ្យកាន់តែទំនើបឡើងផងដែរ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលជំនួយសម្ភារយោធាឥតសំណង ដែលផ្តល់ដោយកងទ័ពរំដោះប្រជាមានិតចិន ជូនដល់មន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យទាហាន១៧៩) នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តយ៉ាងដូច្នេះថា «ការជួយឲ្យយើងមានសភាពខ្លាំងក្លាឡើង មានសភាពរឹងមាំឡើង ក៏ជាការរួមចំណែកមួយ ដ៏សំខាន់ណាស់នៅក្នុងការពង្រឹងនូវសន្តិភាព នៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកផងដែរ។ បើសិនជានៅក្នុងតំបន់មានសុខសន្តិភាពល្អ ក្នុងសកលលោក មានសន្តិភាពល្អ គឺវាច្បាស់ហើយថា សន្តិភាពរបស់យើងកាន់តែរឹងមាំ ហើយជាសេចក្តីត្រូវការរបស់យើងខ្លាំងណាស់ ព្រោះយើងដឹងច្បាស់អំពីគុណតម្លៃ នៃសន្តិភាពនេះនាំ ឲ្យយើងមានអ្វីៗ គ្រប់បែបយ៉ាងទាំងអស់រួមទាំងអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាឲ្យកាន់តែទំនើប ឡើងខាងវិស័យសុខាភិបាលនេះក៏វាសំខាន់បំផុត ហៅថា ត្រូវតែមានសន្តិភាព ដ៏រឹងមាំទើបយើងមានឱកាសសព្វបែបសព្វយ៉ាងទាំងអស់រួមទាំង ហៅថា សិក្សា រៀនសូត្រ និងស្វែងរកបច្ចេករិទ្យាទំនើបៗ កាន់តែបានឆាប់រហ័សថែមទៀត»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា «យើងដឹងស្រាប់ហើយសម័យសង្គ្រាម នៅកន្លែងយើងនេះវាយ៉ាងម៉េចដែរ? នៅទីនេះវាយ៉ាងម៉េចដែរ? ការខ្វះខាត យើងទទួលស្តារបានកាយសម្បទាកងយោពលខេមរភូមិន្ទយើងក៏ច្រើនដែរ តែក៏ធ្វើឲ្យរបូតបាត់បង់ជីវិតក៏មិនតិចដែរ»៕