(ភ្នំពេញ)៖ Facebook Page ផ្លូវការ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលត្រូវបានគេដឹងថា ជាស្ថាប័នរបស់រដ្ឋាភិបាល ដែលគ្រប់គ្រងក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជានោះ ត្រូវបានជនអនាមិក លួច (Hack) យកទៅគ្រប់គ្រង ហើយគិតត្រឹមរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អ្នកបច្ចេកទេសរបស់ក្រសួង មិនទាន់អាចទាញយកត្រឡប់ មកគ្រប់គ្រងវិញបានទេ។
លោក មាស ប៉ូ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា Facebook Page របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិតជាត្រូវបានជនអនាមិកលួច (Hack) យកពិតប្រាកដមែន តាំងតែពីថ្ងៃទី២៣ ខែកុម្ភៈមកម្ល៉េះ។ មកដល់ពេលនេះ មិនទាន់យកមកគ្រប់គ្រងវិញនៅឡើយទេ។
អ្នកនាំពាក្យដដែលរូបនេះ បានថ្លែងឲ្យដឹងទៀតថា ពេលនេះក្រុមបច្ចេកទេសរបស់ក្រសួងបាន និងកំពុងតែព្យាយាមទាញយក Facebook Page នោះមកវិញ រួមទាំងស្រាវជ្រាវរក ជនអនាមិកដែលហ៊ានលួចយក Facebook របស់ក្រសួងផងដែរ៕