(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំលើកដំបូងជាមួយក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នាថ្ងៃទី២៦ ខែកុម្ភៈនេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈវិស្វករកម្ពុជា បានដាក់ចេញទិសដៅការងារមួយចំនួន ជំរុញឲ្យសមាជិកគណៈវិស្វករកម្ពុជាបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារ ក្នុងនោះលោកក៏បានជំរុញឲ្យបណ្ដាវិស្វករជាតិ-អន្តរជាតិនានានៅកម្ពុជា រួសរាន់ទៅចុះបញ្ជីនៅគណៈវិស្វករកម្ពុជាផងដែរ។
ផែការការងារអនុវត្តបន្តដែលលោក អ៉ិត សំហេង ដាក់ចេញក្នុងឱកាសនោះ រួមមាន៖
* កែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងបង្កើតលិខិតបទដ្ឋានផ្សេងៗ ដើម្បីសម្របសម្រួលក្នុងការធ្វើសមាហរណកម្មអាស៊ាន
* រៀបចំនីតិវិធីក្នុងការវាយតម្លៃវិស្វករតាមស្តង់ដារអាស៊ាន និងនីតិវិធីវាយតម្លៃ ដើម្បីឲ្យមានការទទួលស្គាល់វិស្វករបរទេស
* កសាងឯកសារគតិយុត្តវិស្វកម្មឲ្យមានលក្ខណៈសមស្របទៅនឹងឯកសារ ដែលប្រើប្រាស់ក្នុងអាស៊ាន
* ជំរុញឲ្យវិស្វករជាតិចូលរួមជាអតិបរមាក្នុងសន្និសីទ និងសិក្ខាសាលាថ្នាក់ជាតិ-អន្តរជាតិ ដើម្បីឲ្យទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត
* ត្រៀមបើកវគ្គបណ្តុះបណ្តាលដែលទាក់ទងទៅនឹងវិស័យវិស្វកម្ម តាមផែនការយុទ្ធសាស្ត្រ ៣ឆ្នាំរំកិល ដែលបានគ្រោងទុក
* ត្រៀមរៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាអាណត្តិទី២
* ជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់វិស្វករជាតិ និងបរទេស ដែលកំពុងប្រកបវិជ្ជាជីវវិស្វកម្មនៅកម្ពុជា ឲ្យមកបំពេញបែបបទសុំចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីឲ្យស្របតាមច្បាប់កម្ពុជា
* ជំរុញការចុះបញ្ជីយុវវិស្វករអាស៊ាន និងវិស្វករអាស៊ានឲ្យបានច្រើនទៅតាមការគ្រោងទុក
* ចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការចុះបញ្ជីវិស្វករជាតិ វិស្វករបរទេស នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសនានានៅកម្ពុជា
* ចុះបង្កើតក្រុមប្រឹក្សាគណៈវិស្វកររាជធានី-ខេត្ត ឲ្យបានសម្រេចទៅតាមផែនការដែលបានគ្រោងទុក
* ជំរុញការចុះបញ្ជីវិស្វករអាជីព វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានឲ្យបានចំនួនច្រើនបន្ថែមទៀត។
លោកបញ្ជាក់ថា វិស្វករគ្រប់មុខជំនាញវិជ្ជាជីវវិស្វកម្ម ត្រូវតែមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដែលជាបុព្វលក្ខខ័ណ្ឌ ព្រោះបើមិនមកចុះបញ្ជី បានន័យថា វិស្វករនោះមិនអាចទទួលគោរមងារជាវិស្វករ អាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានបានទេ ព្រោះមានតែស្ថាប័នគណៈវិស្វករកម្ពុជានេះទេ ដែលអាចផ្តល់គោរមងារជាវិស្វករអាជីព ដែលច្បាប់ផ្តល់សិទ្ធិឲ្យជាធរមាន។ ទន្ទឹមនឹងនេះ គណៈវិស្វករកម្ពុជា ក៏ជាអ្នកវាយតម្លៃ និងធ្វើបែបបទសម្រាប់ទទួលគោរមងារបន្ថែមជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានបន្ថែមទៀត។
លោក អ៉ិត សំហេង បានផ្ដាំទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានបញ្ជូនមន្រ្តីមានបទពិសោធន៍ខាងវិស័យជំនាញវិស្វកម្ម មកចូលរួមក្នុងសមាសភាពក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ត្រូវជួយបង្កលក្ខណៈងាយស្រួល ក្នុងការអញ្ជើញចូលរួមប្រជុំក្នុងក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងជួយសម្រួលដល់មន្រ្តីទាំងនោះ ដែលត្រូវចូលរួមវាយតម្លៃសម្បទាវិជ្ជាជីវវិស្វកម្ម ដល់បេក្ខជនវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន។ ម្យ៉ាងទៀត អភិបាលរាជធានី-ខេត្ត ដែលបញ្ជូនវិស្វករដើម្បីបង្កើតក្រុមប្រឹក្សាគណៈវិស្វកររាជធានី-ខេត្ត ត្រូវជ្រើសរើសវិស្វករអាជីព និងវិស្វករចុះបញ្ជី ដើម្បីបង្កើតក្រុមប្រឹក្សារាជធានី-ខេត្តរបស់ខ្លួន។
បើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានកំណត់ឲ្យក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា មានតួនាទីសំខាន់ៗដូចខាងក្រោម៖
* អនុម័តគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ សកម្មភាព បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌របស់គណៈវិស្វករកម្ពុជា
* តាមដានត្រួតពិនិត្យដំណើរការប្រព្រឹត្តទៅរបស់គណៈវិស្វករកម្ពុជា
* ផ្តល់យោបល់ដល់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា
* សម្របសម្រួល និងដោះស្រាយវិវាទផ្សេងៗរបស់គណៈវិស្វករកម្ពុជា
* ផ្តល់យោបល់ក្នុងការចុះបញ្ជីវិស្វករអាជីពជាតិ និងអន្តរជាតិ ការលើកទឹកចិត្ត និងដាក់ពិន័យ៕