(ភ្នំពេញ)៖ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសនីយ៍ទោ មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានចុះធ្វើការបង្ក្រាបករណីលក់ចែកចាយស្បែកជើងក្លែងម៉ាក SKECHERS (រំលោភច្បាប់កម្មសិទ្ធិបញ្ញា) ៣ទីតាំងផ្សេងគ្នានៅផ្សារធំថ្មី និងផ្សារទួលទំពូង។
ប្រតិបត្តិការនេះ ធ្វើឡើងដោយយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន V2V Corporation ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខនូវស្បែកជើងម៉ាក SKECHERS ពីសហរដ្ឋអាមេរិក ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបនៅថ្ងៃនេះ។
លោកវរសេនីយ៍ឯក ម៉ាត់ យូសុះ នាយការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានឲ្យដឹងថា សមត្ថកិច្ចបានចុះត្រួតពិនិត្យចំនួន៣ទីតាំងគឺ នៅតូបលេខ I1040 ផ្សារធំថ្មី តូបលេខ១៣០១ (យីហោ ព្រំ លក្ខណា) ផ្សារទួលទំពូង និងហាងយីហោ ថប ប្រេន (Top Brand Factory outlet) សំយ៉ាបខាងកើត នៃផ្សារទួលទំពូង។
លោកវរសេនីយ៍ឯក ម៉ាត់ យូសុះ បានបន្តថា ជាលទ្ធផល តូបលេខ I1040 ផ្សារធំថ្មី ដោយម្ចាស់មានការយល់ដឹង បានបញ្ឈប់ការលក់ចែកចាយតាំងពីប្រមាណ ២ខែមុនមកហើយ ដូចនេះសមត្ថកិច្ចពុំបានរកឃើញសម្ភារណាមួយឡើយ។ ឯចំណែកទីតាំង២ទៀត នៅផ្សារទួលទំពូង សមត្ថកិច្ចបានរកឃើញស្បែកជើងក្លែងក្លាយម៉ាក SKECHERS សរុបចំនួន ៣៦៣គូ និងបានដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន និងតម្រូវឲ្យម្ចាស់ទីតាំងទាំង២កន្លែង ចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។
តាមការអះអាងរបស់តំណាងក្រុមហ៊ុន V2V Corporation ចំពោះស្បែកជើងម៉ាក SKECHERS នេះ គឺមានតែក្រុមហ៊ុនលោកមួយគត់ ដែលបាននាំចូលផលិតផលសុទ្ធពីសហរដ្ឋអាមេរិក និងមានដាក់លក់តែនៅសាខាក្រុមហ៊ុនប៉ុណ្ណោះ ដែលបច្ចុប្បន្នមាន២ទីតាំង គឺនៅតាមបណ្តោយផ្លូវព្រះសីហនុ ខាងកើតវិមានឯករាជ្យ និងក្នុងផ្សារ AEON ទី១ រាជធានីភ្នំពេញ ហើយក្នុងពេលឆាប់ៗខាងមុខ នឹងមានបើកសាខាមួយទៀតនៅក្នុងផ្សារ AEON ទី២ ដូច្នេះបើសិនជាមានដាក់លក់នៅក្នុងទីតាំងផ្សេង ក្រៅពីទីតាំងខាងលើ ឬពុំមានការអនុញ្ញាតពីក្រុមហ៊ុនទេនោះ ពុំមែនជាផលិតផលសុទ្ធនោះទេ៕