(ភ្នំពេញ)៖ សំឡេងឆ្នោត នៃលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា អាសនៈទាំង៥៨របស់ព្រឹទ្ធសភា ដែលកើតចេញពីការបោះឆ្នោតនៅថ្ងៃអាទិត្យ ម្សិលមិញនេះ គឺបានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់។
មកដល់ថ្ងៃចន្ទទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គ.ជ.ប មិនទាន់បង្ហាញពីចំនួនអាសនៈព្រឹទ្ធសភា ដែលគណបក្សនយោបាយចូលរួមប្រកួតប្រជែងទាំង៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវទទួលបាននៅឡើយនោះទេ ពោលបានបង្ហាញត្រឹមតែចំនួនសំឡេងឆ្នោតនៅតាមភូមិភាគនីមួយៗតែប៉ុណ្ណោះ។
លទ្ធផលបឋមនោះ បានបង្ហាញថា៖
ភូមិភាគ១ មាន ៦អាសនៈ៖ គណបក្សប្រជាជនកម្ពុជា៖ ៨៩៧សំឡេង, គណបក្សខ្មែររួបរួមជាតិ៖ ២សំឡេង, គណបក្សហ្វ៊ិនស៊ីនប៉ិច៖ ១១សំឡេង
ភូមិភាគ២ មាន ៨អាសនៈ៖ គណបក្សប្រជាជនកម្ពុជា៖ ១៣០៥សំឡេង, គណបក្សខ្មែររួបរួមជាតិ៖ ១៦សំឡេង, គណបក្ស ហ្វ៊ុនស៊ិនប៉ិច៖ ៤៥សំឡេង, គណបក្សយុវជនកម្ពុជា៖ ៣សំឡេង
ភូមិភាគ៣ មាន ៥អាសនៈ៖ គណបក្សប្រជាជនកម្ពុជា៖ ៨៧១សំឡេង, គណបក្សខ្មែររួបរួមជាតិ៖ ៨សំឡេង, គណបក្សហ្វ៊ិនស៊ិនប៉ិច៖ ៤៤សំឡេង
ភូមិភាគ៤ មាន ១០អាសនៈ៖ គណបក្សប្រជាជនកម្ពុជា៖ ២០៥៤សំឡេង, គណបក្សខ្មែររួបរួមជាតិ៖ ៧៩សំឡេង, គណបក្សហ្វ៊ិនស៊ិនប៉ិច៖ ៨១សំឡេង
ភូមិភាគ៥ មាន ៧អាសនៈ៖ គណបក្សប្រជាជនកម្ពុជា៖ ១៣២៤សំឡេង, គណបក្សហ្វ៊ិនស៊ិនប៉ិច៖ ១៤សំឡេង
ភូមិភាគ៦ មាន ៦អាសនៈ៖ គណបក្សប្រជាជនកម្ពុជា៖ ១៣៩៥សំឡេង, គណបក្សខ្មែររួបរួមជាតិ៖ ១៣សំឡេង, គណបក្សហ៉ិនស៊ិនប៉ិច៖ ១៨សំឡេង
ភូមិភាគ៧ មាន ៩អាសនៈ៖ គណបក្សប្រជាជនកម្ពុជា៖ ១៦៨២សំឡេង, គណបក្សខ្មែររួបរួមជាតិ៖ ៣២សំឡេង, គណបក្សហ្វ៊ុនស៊ិនប៉ិច៖ ១៦សំឡេង
ភូមិភាគ៨ មាន ៦អាសនៈ៖ គណបក្សប្រជាជនកម្ពុជា៖ ១៦៧៤សំឡេង, គណបក្សខ្មែររួបរួមជាតិ៖ ៣២សំឡេង, គណបក្សហ្វ៊ិនស៊ិនប៉ិច៖ ៤៧សំឡេង
យោងតាមសំឡេងឆ្នោតដែលបានបង្ហាញនេះ នៅគ្រប់ភូមិភាគទាំងអស់ មានគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលទទួលបានអាសនៈព្រឹទ្ធសភា។
សូមបញ្ជាក់ថា អាសនៈនៅក្នុងព្រឹទ្ធសភានៅឆ្នាំនេះ ស្មើនឹងពាក់កណ្តាល នៃចំនួនតំណាងរាស្រ្ត១២៥រូប។ ដូច្នេះសមាជិកព្រឹទ្ធសភានាពេលបច្ចុប្បន្នមានចំនួន៦១រូប។ ចំនួនអាសនៈនេះ មាន២អាសនៈជ្រើសតាំងដោយព្រះមហាក្សត្រ, ២អាសនៈ ជ្រើសតាំងដោយរដ្ឋសភាយកតាមសំឡេងភាគច្រើន ហើយ៥៨អាសនៈ ត្រូវធ្វើការបោះឆ្នោតដោយតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សា-ឃុំសង្កាត់។
គ.ជ.ប បានបង្ហាញថា អ្នកបានទៅបោះឆ្នោតនៅតាមភូមិភាគទាំង៨ ក្នុងការិយាល័យទំាំង៣៣ មានចំនួន១១,៦៧០នាក់ នៃចំនួនអ្នកបោះឆ្នោតសរុប១១,៦៩៥នាក់ ស្នើនឹង៩៩.៧៩ភាគរយ។ ការបោះឆ្នោតនៅថ្ងៃម្សិលមិញនេះ មានអង្គបោះឆ្នោត២៥រូប មិនបានទៅបោះឆ្នោត ព្រោះតែបញ្ហាសុខភាពទៅព្យាបាលនៅក្រៅប្រទេស និងអវត្តមានដោយគ្មានមូលហេតុ៕