(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី តំណាងឱ្យអគ្គលេខាអាជ្ញាធរជាតិអាវុធគីមីកម្ពុជា បានចូលរួមសិក្ខាសាលាស្ដីពីអនុសញ្ញាអាវុធគីមី ការគ្រប់គ្រងសុវត្ថិភាព និងសន្តិសុខគីមី សម្រាប់ប្រទេសជាសមាជិកអង្គការហាមឃាត់អាវុធគីមី នៅក្នុងតំបន់អាស៊ី ដែលបានប្រារព្ធឡើងនៅទីក្រុងដូហា (Doha) ប្រទេសកាតា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
សិក្ខាសាលានេះ ក៏មានការចូលរួមមកពីតំណាង២០ប្រទេស ដែលជាសមាជិករបស់អង្គការទប់ស្កាត់អាវុធគីមី និង ក្រោមការឧបត្ថម្ភ របស់ប្រទេសកាតា និង អង្គការទប់ស្កាត់អាវុធគីមី ហៅកាត់ថា អូភីស៊ីដាប់បែលយូ( OPCW) ផងដែរ។ គោលបំណងនៃសិក្ខាសាលានេះ គឺជាសកម្មភាពមួយដែលទាក់ទងនឹង ការអនុវត្តមាត្រា XI នៃអនុសញ្ញគីមី។
តាមរយៈសកម្មភាពផ្សព្វផ្សាយ OPCW បានបំពេញនូវតម្រូវការរបស់រដ្ឋ ជាសមាជិកនៅក្នុងវិស័យគ្រប់គ្រង សន្តិសុខ និងសុវត្ថិភាពគីមី នៅក្នុងតំបន់ ដែលកំពុងរីកចម្រើន និងសំខាន់ក្នុងការប្រើប្រាស់សារធាតុគីមី ដោយសន្តិភាព និងសុវត្ថិភាពក្នុងការអភិវឌ្ឍឧស្សាហកម្ម។ សាខាសហប្រតិបត្តិការអន្តរជាតិ (ICB) បានចូលរួមជាមួយសមត្ថភាពថ្នាក់ជាតិ នៅក្នុងរដ្ឋភាគីនៅក្នុងសកម្មភាពទូលំទូលាយពាក់ព័ន្ធនឹងការវាយតម្លៃហានិភ័យគីមី និងការគ្រប់គ្រង ការគម្រាមកំហែង វិធីសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ និងយន្តការទាក់ទងនឹងការយល់ដឹងអំពីហានិភ័យនៃគ្រោះមហន្តរាយគីមី និងការអភិវឌ្ឍបុគ្គលិក និងមន្ត្រីជំនាញ បង្កើតចំណេះដឹងក្នុងវិស័យនេះ។
វិសាលភាពនៃកម្មវិធីនេះ មានគោលបំណងជួយដល់រដ្ឋភាគីក្នងការបង្កើតក្របខណ្ឌគោលនយោបាយ និងច្បាប់ជាតិស្តីពីការគ្រប់គ្រងសុវត្ថិភាព និងសន្តិសុខគីមី និងដើម្បីលើកកម្ពស់ការអនុវត្តល្អៗនៅក្នុងតំបន់៕