(ភ្នំពេញ)៖ លោក អ៊ុន ពីតុល និងភរិយា តាមរយៈអង្គភាពព័ត៌មាន Fresh News បានទទូចដោយក្តីអង្វរសុំលោក ហ៊ុន ម៉ាណែត ជួយព្យាបាលកូនស្រីរបស់ខ្លួន ដែលកំពុងមានជំងឺបេះដូងប្រហោង និងស្វិតសសៃឈាមទៅសួត។
ការទទូចរបស់លោក អ៊ុន ពីតុល បានធ្វើឡើងបន្ទាប់ពីលោកបានទស្សនាវីដេអូនៃការជួយសង្គ្រោះ និងព្យាបាលជំងឺបេះដូងប្រហោងកុមារីម្នាក់ឲ្យរួចផុតក្តីមរណាតាមរយៈការជួយជ្រោមជ្រែងពីលោក ហ៊ុន ម៉ាណែត។ កុមារី អ៉ឹង សម្ភស្ស អាយុ ៥ខែ រស់នៅភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ បានកើតជំងឺបេះដូងប្រហោងតាំងពីកំណើត។ ឪពុកម្តាយរបស់កុមារីរូបនេះ ព្រោះតែការខ្វះខាតក្នុងជីវភាពបានត្រឹមតែអង្គុយមើលទុក្ខលំបាករបស់កូនស្រី ហើយស្ទើរអស់សង្ឃឹមទៅហើយ តែទីបំផុតពួកគេត្រូវបានលោក ហ៊ុន ម៉ាណែត ជួយយកកូនស្រីទៅព្យាបាលនៅមន្ទីរពេទ្យលកាល់មែត្ររហូតជាសះស្បើយ។
អាការៈ និងការធ្វើទុក្ខដោយសារតែជំងឺបេះដូងប្រហោងរបស់កុមារី ពីតុល សក្ខណា ដែលមានអាយុ ១ឆ្នាំ ៦ខែ ក៏មិនខុសពីកុមារី អ៉ឺង សម្ភស្ស នោះដែរ។ នេះបើតាមការរៀបរាប់របស់លោក អ៊ុន ពីតុល ដែលជាឪពុក។
លោក អ៊ុន ពីតុល បានរៀបរាប់ជាមួយអារម្មណ៍ក្តុកក្តួលព្រោះតែការអានិតកូនស្រីថា ជំងឺបេះដូងប្រហោង និងស្វិតសសៃឈាមទៅសួតនេះ បានធ្វើទុក្ខកូនស្រីរបស់លោកជារៀងរាល់ថ្ងៃ តែព្រោះរូបលោកគ្មានថវិកាយកកូនស្រីទៅព្យាបាល គឺបានត្រឹមអង្គុយមើលជំងឺធ្វើទុក្ខកូនទាំងទឹកភ្នែកតែប៉ុណ្ណោះ។
លោក អ៊ុន ពីតុល ដែលមានលំនៅស្ថានក្នុងភូមិស្រែកាច់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានបង្ហាញការរំពឹងថា លោក ហ៊ុន ម៉ាណែត នឹងជួយប្រោសជីវិតកូនស្រីជាទីស្រឡាញ់របស់លោកឲ្យបានជាសះស្បើយពីជំងឺ និងរស់នៅធំធាត់ដូចជាកុមារីដទៃទៀត៕