(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនក្រុមមេក្លោងជួញដូរគ្រឿងញៀន ប្រុសស្រី៤នាក់ ដោយមានទាំងខ្មែរ និងជនជាតិបរទេស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំនៅតុលការលោក ជួន សុជាតិ ឲ្យដឹងនៅរសៀលថ្ងៃនេះ។
រហូតមកដល់រសៀលថ្ងៃនេះ ជនសង្ស័យទាំង៤នាក់ បាននិងកំពុងស្ថិតក្រោមការសួរនាំ របស់តំណាងអយ្យការ ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត។
ជនសង្ស័យទាំង៤នាក់ រួមមានទី១៖ឈ្មោះ ស្តេ ហ្វាន់, ទី២៖ឈ្មោះ ឈី នេឌូ ជាជនជាតិនីហ្សេរីយ៉ា, ទី៣៖ឈ្មោះ ម៉ារីឡូ អូហ្ស៊ីឡូ ជាជនជាតិហ្វីលីពីន និងស្ត្រីម្នាក់ទៀត ជាជនជាតិខ្មែរ។
សូមជម្រាបថា យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានបញ្ជាក់ថា ជនល្មើសទាំង៤នាក់នោះ មានជនបរទេស៣នាក់ ដែលមានជនជាតិនីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង ហ្វីលីពីន និងខ្មែរម្នាក់ ព្រមទាំងចាប់យកវត្ថុតាងសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) 1988.95g និងទូរស័ព្ទដៃ៤គ្រឿង។
កាលពីថ្ងៃទី២០ ដល់២២ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងជំនាញ នៃមន្ទីរប្រឆាំង គ្រឿងញៀន(ក៨) បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយ៤គោលដៅផ្សេងគ្នា ជាបន្តបន្ទាប់ គោលដៅទី១៖ នៅចំណុចខាងកើតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន គោលដៅទី២៖ នៅចំណុចផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន គោលដៅទី៣៖ នៅចំណុចក្នុងបន្ទប់ជួលលេខ៤ ផ្លូវបេតុង ភូមិទួលសង្កែ ខណ្ឌឬស្សីកែវ គោលដៅទី៤៖ នៅចំណុចហាង Big I.Z.Y ផ្លូវ៥០២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ៕