(ថៃ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជិត ចូលរួមកិច្ចប្រជុំ ទ្វេភាគីប្រចាំឆ្នាំរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមការចូលរួម សមាសភាពថ្នាក់ដឹកនាំធនាគារកណ្តាលថៃ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះរួមមានលោក Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាលថៃ និងថ្នាក់ដឹកនាំធនាគារកណ្តាលថៃជាច្រើនរូបទៀត។
កិច្ចប្រជុំទ្វេភាគីនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមិត្តភាព និងភាតរភាពរវាងធនាគារកណ្តាលទាំងពីរ ដោយកន្លងមក កិច្ចសហប្រតិបត្តិការទ្វេភាគីល្អប្រសើរនេះ បានរួមចំណែកគាំទ្រការអភិវឌ្ឍវិស័យធនាគារ និងបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រកំណើនវិនិយោគ ពាណិជ្ជកម្មនិងទេសសចរណ៍ រវាងកម្ពុជា និងថៃផងដែរ ជាពិសេសតាមរយៈការផ្តល់ប្រភពទុន ការសម្រួលប្រតិបត្តិការទូរទាត់ និងការផ្តល់សេវាហិរញ្ញវត្ថុនានា។
គិតត្រឹមឆ្នាំ២០១៧ ការវិនិយោគថៃមកកម្ពុជា ជាប់ចំណាត់ថ្នាក់ទី៨ ខណៈដែលភ្ញៀវទេសចរថៃមកមកទស្សនា ក្នុងប្រទេសកម្ពុជាជាប់ចំណាត់ទី៤ក្នុងចំណោមភ្ញៀវទេសចរបរទេស ក្រៅពីនោះការនាំចេញរបស់កម្ពុជាទៅថៃ បានជាប់ចំណាត់ថ្នាក់ទី៨ នៅឆ្នាំ២០១៧ ដែលកើនឡើងពីចំណាត់ថ្នាក់ទី១២ កាលពីឆ្នាំ២០០៥ ហើយការនាំចូលពីថៃមកកាន់កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១ ពីចំណាត់ថ្នាក់ទី៤ កាលពីឆ្នាំ២០០៥ដូចគ្នា។
កិច្ចប្រជុំនោះដែរ ថ្នាក់ដឹកនាំនៃធនាគារកណ្តាល ទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ពីវឌ្ឍនភាពថ្មីៗ នៃស្ថានភាពសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុ បញ្ហាប្រឈមនានា និងស្វែងរកលទ្ធភាពក្នុងការបង្កើនសហប្រតិបត្តិនាពេលខាងមុខ ក្នុងស្ថានភាពដែលប្រទេសទាំងពីរ មានទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាន់តែជិតស្និតឡើងជាលំដាប់៕