(ភ្នំពេញ)៖ ក្រុមហ៊ុន H&Y Toys in Cambodia ជាក្រុមហ៊ុនដែលទទួលបានសិទ្ធនាំចូល នូវផលិតផលក្មេងលេងសំបូរបែប ដែលមានគុណភាពខ្ពស់ និងតំលៃសមរម្យ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានរៀបចំកម្មវិធី ការប្រណាំងរថយន្ដបញ្ជាថ្មី និងដំបូងគេ ក្នុងឆ្នាំ២០១៨ ដើម្បីឆ្លើយតបនូវតម្រូវការ របស់អតិថិជននាសម័យបច្ចេកវិទ្យា។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន លោក ហេង ចំរើន អគ្គនាយកក្រុមហ៊ុន H&Y Toys in Cambodia បានឲ្យដឹងថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជាការលើកទឹកចិត្ត ដល់អតិថិជនរបស់ H&Y Toys in Cambodia ហើយជាការឆ្លើយតបតម្រូវការអតិថិជននាសម័យបច្ចេកវិទ្យា ដែលជាផ្សាភ្ជាប់ និងសង្គម ដែលពោពេញទៅដោយសន្ដិភាព។
បើតាមលោក Chalite អ្នកបង្កើតកម្មវិធីនេះឡើង បានលើកឡើងថា ការបង្កើតកម្មវិធីនេះឡើង ដោយសារតែសម័យនេះ ជាសម័យកាលបច្ចេកវិទ្យាទំនើប បើនិយាយពីអតិថិជន គឺចូលចិត្តអ្វីដែលប្លែក និងមានការប្រកួតប្រជែងបូកផ្សំ និងការកំសាន្ដផងដែរ។
លោក Chalite បន្ដថា «សម្រាប់ការរៀបចំកម្មវិធីនេះ យើងចំណាយច្រើន ទៅលើការសាងសង់ផ្លូវសប្បនិម្មិត ជាពិសេស គឺពិបាកក្នុងការរកគំនិតកែច្នៃ ឲ្យផ្លូវនេះ ចេញជារូបរាងមុន ការប្រកួត ហើយក្រៅពីនោះ មិនមានអ្វីជាការលំបាកនោះទេ»។
លោក បានឲ្យដឹងផងដែរថា H&Y នឹងបន្ដមានអ្វីថ្មីៗ កាន់តែច្រើនក្នុងឆ្នាំ២០១៨នេះ គឺមិនឲ្យអតិថិជន ខកបំណងនោះទេ ហើយការបង្កើតឡើងកម្មវិធីមួយៗនោះ គឺ H&Y ធ្វើឡើងទៅ តាមរដូវកាលនីមួយៗ របស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយសិក្សាពីអ្វីដែលមានផលប្រយោជន៍ សម្រាប់អតិថិជនទើបលេចចេញ ជាកម្មវិធីមួយនៅហាង H&Y។
សូមជម្រាបថា កម្មវិធីនេះ ផ្ដល់សិទ្ធិអាទិភាព សម្រាប់អតិថិជន ដែលបានទិញឡាន បញ្ជាម៉ាក Land Buster និង Climbing Car គឺអាចចូលរួមប្រកួតនេះ ហើយម្ចាស់ជ័យលាភី និងទទួលបានប្រាក់រង្វាន់ ១លានរៀន រួមទាំងរង្វាន់ជាច្រើនទៀត ដោយឡែកអ្នកលេខ២ និងលេខ៣ ក៏មានរង្វាន់លើកទឹកចិត្តផងដែរ។
ការប្រកួតនេះ និងប្រព្រឹត្ដទៅរយៈ ពេល៤សប្ដាហ៍ រៀងរាល់ថ្ងៃអាទិត្យ គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ តទៅ ហើយចូលដល់សប្ដាហ៍ទី៥ ជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។
គួរបញ្ជាក់ផងដែរថា ការប្រណាំងនេះ គឺតម្រូវឲ្យបេក្ខជនប្រើតិចទិចបញ្ជារថយន្ដរបស់ខ្លួន លើផ្លូវសប្បនិម្មិត្ដចំនួន៣ជុំ ហើយបេក្ខជនណាដែរ ប្រើពេលតិចជាងគេបំផុត គឺជាម្ចាស់ជយលាភី៕