(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាស់តឿនឲ្យក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យទាហាន១៧៩) ត្រូវយកចិត្តទុកដាក់ប្រើប្រាស់ឧបករណ៍ជំនួយពេទ្យរបស់ចិនឲ្យមានប្រសិទ្ធភាព និងសិក្សាពីរៀបប្រើប្រាស់ឲ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មន្ទីរពេទ្យ សម្រាប់ព្យាបាលជំងឺជូនប្រជាពរដ្ឋ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះក្នុងឱកាសសម្តេច និងលោក ស្យង់ បូ (Xiong Bo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ក្នុងពិធីប្រគល់ ទទួលសម្ភារ ឧបករណ៍ពេទ្យរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅមន្ទីរពេទ្យព្រះកេតុមាលា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ក្រុមគ្រូពេទ្យទាំងអស់ត្រូវទទួលខុសដោយភាពប្រកដប្រជាក្នុងការប្រើប្រាស់ និងមានសមត្ថភាពអាន នូវខ្លឹមសាររបស់ម៉ាស៊ីន ដ៏ទំនើបនេះឲ្យចំគោលដៅផងដែរ។ មិនតែប៉ុណ្ណោះក្រុមគ្រូពេទ្យត្រូវស្វែងរកពេលវេលាជាក់លាក់ ដើម្បីបង្កើននៅចំណេះដឹង របស់ខ្លួនបន្ថែមទៀតដើម្បីឆ្លើយតប នឹងតម្រូវការលើវិស័យសុខាភិបាល នាពេលបច្ចុប្បន្ននេះ ឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា «វិស័យសុខាភិបាល គឺពាក់ព័ន្ធ នឹងអាយុជីវិតរបស់មនុស្សគ្រប់ៗគ្នា ដូច្នេះក្នុងនាមយើង ជាគ្រូពេទ្យត្រូវយកចិត្តទុកព្យាបាលអ្នកជំងឺឲ្យមានប្រសិទ្ធភាព។ ប្រសិទ្ធបើគ្រូពេទ្យមិនយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺនោះ នាំឲ្យអ្នកជំងឺជួបប្រទះបញ្ហាសុខភាព របស់ខ្លួនថែមមួយកម្រិតទៀតជាក់ជាមិនខាន»៕