(ភ្នំពេញ)៖ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បានថ្លែងថា ឃុំសង្កាត់នៅខេត្តកែប និងខេត្តកំពត នឹងបង្កើតការិយាល័យច្រកចេញចូលតែមួយ ដើម្បីដាក់ឲ្យសាកល្បងចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធព័ត៌មានវិទ្យា នៅពេលខាងមុខនេះ។
បើតាមអគ្គនាយករូបនេះ ការសាកល្បងឲ្យចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យា បន្ថែមលើសេវាដែលមានស្រាប់នេះ គឺដើម្បីបង្កើន និងបង្ខិតសេវាចុះបញ្ជីអត្រានុកូលដ្ឋាន ឲ្យកាន់តែជិតពលរដ្ឋ និងឆាប់រហ័សជាងបច្ចុប្បន្ន។
មូលហេតុដែលខេត្តទាំង២នេះ ត្រូវដាក់ឲ្យសាកល្បងមុនគេ ត្រូវបាននាយឧត្តមសេនីយ៍បញ្ជាក់ថា ដោយសារខេត្តទាំង២នេះ មានឃុំសង្កាត់តិចជាងគេ ហើយប្រសិនបើការងារនេះទទួលបានជោគជ័យ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងបន្ដសហការជាមួយអង្គភាពពាក់ព័ន្ធ នឹងពង្រីកសេវានេះនៅទូទាំងប្រទេស។
នាយឧត្តមសេនីយ៍អគ្គនាយក បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះ យើងកំពុងតែរួមគ្នាជាមួយខាងស្ថិតិ ជាមួយខាងអត្ដសញ្ញាណប័ណ្ណ ជាមួយខាងស្ថាប័នផ្សេងៗទៀត ដើម្បីបង្កើតច្រកចេញចូលតែមួយ នៅថ្នាក់ឃុំសង្កាត់ ដែលនៅចំពោះមុខនេះ យើងធ្វើសាកល្បងនៅខេត្តកែប ដោយសារតែខេត្តកែប មានតែ៥ឃុំសង្កាត់ទេ ចឹងយើងអាចយកកែបមួយសម្រាប់ធ្វើ ដោយឡែកកំពត ដោយសារជិតគ្នាងាយស្រួលចុះឡើងធ្វើការដើម្បីសាកល្បងសិន»។
អគ្គនាយករូបនេះ បន្ដថា «ចឹងកិច្ចការអនុត្រានុកូលដ្ឋាន និងការងារ ស្ថិតិនេះយើងនឹងមានគំនិតមួយ ឃុំសង្កាត់ដែលយើងសាកល្បងឲ្យដំណើរការ ការចុះបញ្ជីនេះតាមប្រព័ន្ធព័ត៌មានវិទ្យា ទន្ទឹមនឹងការចុះបញ្ជីបានសេវារដ្ឋ យើងក៏ចុះបញ្ជីតាមប្រព័ន្ធផង នេះជាអ្វីដែលយើងនឹងធ្វើ»។
ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ប្រគល់ភារកិច្ចជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕