(កណ្តាល)៖ លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ត្រៀមសម្រាប់ពិធីបុណ្យទន្លេលើកទី៤ ដែលនឹងប្រារព្ធឡើងនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយមានការចួលរួមពីក្រសួងពាក់ព័ន្ធ និងមន្ទីរជុំវិញខេត្ត លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ស្នងការរង អធិការនគរបាលស្រុក-ក្រុងទាំង១១ ក្នុងខេត្តកណ្ដាល កងរាជអាវុធហត្ថ និងយោធាជាច្រើនរូបទៀត។
បុណ្យទន្លេ ត្រូវបានសម្រេចឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចយកសប្តាហ៍ទី១ ឬទី២ ក្នុងខែមិនា។ បុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ក្នុងយុទ្ធនាការផ្សព្វផ្សាយអាស៊ានផងដែរ ហើយវាជាផលិតផលទេសចរណ៍ ឆ្លើយតបនឹងក្របខណ្ឌនយោបាយយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង មហាអនុតំបន់មេគង្គអាស៊ាន មេគង្គ-គង្គា។
សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ នឹងធ្វើឡើង ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨ ជាមួយការរំពឹងទុកថា នឹងមានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជាង ១លាននាក់៕